សាកលវិទ្យាល័យធំៗរបស់រដ្ឋនៅភ្នំពេញនៅតែទទួលបានប្រជាប្រិយភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកោតសសើរសាកលវិទ្យាល័យធំៗរបស់រដ្ឋនៅភ្នំពេញដែលនៅតែទទួលបានប្រជាប្រិយភាពពីនិស្សិត។សកលវិទ្យាល័យដែលសម្តេចតេជោនាយករដ្ឋមន្ត្រីសរសើររួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចនា។សម្តេចតេជោហ៊ុន សែន បញ្ជាក់សរសើរនេះនៅថ្ងៃទី ១ ខែវិច្ឆិកានៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិសិ្សតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចជាប្រាំមួយពាន់នាក់។

ទោះជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រីបរិយាយលម្អិតពីសាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឬសាលាច្បាប់ច្រើនជាងគេទំនងជាដោយសារចំថ្ងៃចែកសញ្ញាប័ត្រឱ្យនិស្សិតសាលានេះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលទាំងអស់នេះ គឺជាសមិទ្ធផលអ្នកចាស់កសាងសម្រាប់អ្នកថ្មី និង បានប្រកាសកោតសរសើរដល់សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលនៅតែបន្តភាពល្អប្រសើរ និងនិរន្តរភាព នៃការបង្រៀន និងរៀនរបស់ខ្លួន បានយ៉ាងល្អប្រសើរ និងកិត្យានុភាព។

សម្តេចតេជោបញ្ជាក់ថា ៖«សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចាប់ផ្តើមជាមួយភាពលំបាលលំបិនកាលពីឆ្នាំ១៩៨២ ដែលកាលណោះមានអគារចាស់ៗ និងប្រក់ដែកស័ង្កសី ហើយទីធ្លាមួយចំនួននាពេលនេះ បានកាត់ចេញមកពីវិទ្យាល័យបឹងត្របែកដែលនៅក្បែរនោះ»។ សម្តេចតេជោបន្តថា៖« ក្រៅពីនិស្សិតខ្មែរ សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មាននិស្សិតបរទេសជាច្រើនបានចូលសិក្សា ក្នុងនោះក៏មាននិស្សិតមកពីសហរដ្ឋអាមេរិក កូរ៉េ និងនិស្សិតមកពីប្រទេសធំៗ និងរីកចម្រើននានាលើសកលលោកផងដែរ»។

សម្តេចតេជោ ហ៊ុនសែន ថ្លែងថា៖«ក្នុងចំណោមសកលវិទ្យាល័យ និងមហាវិទ្យាល័យនៅភ្នំពេញ មានតែសកលវិទ្យានីតិសាស្ត្រ និងសេដ្ឋកិច្ចនេះ ហើយដែលទទួលនិស្សិតបរទេសឱ្យចូលរៀនច្រើនជាងគេ ។ ខ្ញុំគិតថា យើងត្រូវតែខិតខំពង្រឹង នូវគ្រឹស្ថានឧត្តមសិក្សា»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ចាន់រឿន ថ្លែងថា តាមការសិក្សាមួយ បានបង្ហាញថា យុវជនខ្មែរ ដើម្បីធ្វើឱ្យជីវិតជោគជ័យលុះត្រាតែរៀនចប់សាកលវិទ្យាល័យ ឬយ៉ាងហោចណាស់បានសញ្ញាបត្របរិញ្ញាដែរ ។ ដូច្នេះ ហើយបានជាយុវជនខ្មែរ ឱ្យតែចប់បាក់ឌុប បាននាំគ្នាសម្រុកទៅស្វែងរកសាកលវិទ្យាល័យដើម្បីរៀន ដែលពេលខ្លះរៀនខុសជំនាញទៀត។

លោកបន្តថា ៖«វាជាការល្អនៅពេលដែលសកលវិទ្យាល័យរដ្ឋមួយចំនួនដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់និស្សិតខ្មែរនិងបរទេស ប៉ុន្តែក្នុងនាមលោក ជាអ្នកស្រាវជ្រាវ និងអ្នកអប់រំម្នាក់ដែរនោះ មើលឃើញថា សកលវិទ្យាល័យទាំងនោះមានចន្លោះខ្វះខាតដែលទាមទាឱ្យមានការយកចិត្តទុកដាក់បន្ថែម និងវិនិយោគលើវិស័យនេះ ដើម្បីពង្រឹងគុណភាព និងការអភិវឌ្ឍន៍គ្រឹះស្ថានសិក្សា»។

ទិន្នន័យបើកចំហររបស់អង្គការODCលើកឡើងថា កម្ពុជាមិនទាន់ក្លាយជាសង្គមដែលផ្អែកលើចំណេះដឹងនៅឡើយទេ ប៉ុន្តែប្រទេសកម្ពុជាសង្ឃឹមថា នឹងផ្លាស់ប្តូរពីសង្គមដែលពឹងផ្អែកលើកម្លាំងពលកម្មទៅជាសង្គមផ្អែកលើចំណេះដឹង។ ដោយមើលឃើញថាឧត្តមសិក្សានៅកម្ពុជាកំពុងមានការវិវឌ្ឍ ប្រទេសនេះបានជាប់ចំណាត់ថ្នាក់ទី ៧៥ ក្នុងចំណោមប្រទេស ១០០ ទាក់ទងនឹងគុណភាពឧត្តមសិក្សា។ បើយោងតាមរបាយការណ៍ត្រៀមខ្លួនសម្រាប់អនាគតនៃផលិតកម្មឆ្នាំ ២០១៨ ដោយវេទិកាសេដ្ឋកិច្ចពិភពលោក។ សព្វថ្ងៃគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាអាចបែងចែកជាបីប្រភេទគឺ រាជបណ្ឌិត្យសភា សាកលវិទ្យាល័យ និងមហាវិទ្យាល័យ។

ការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា រួមមានសញ្ញាបត្របរិញ្ញាបត្ររង បរិញ្ញាបត្រ៤ឆ្នាំ, ថ្នាក់អនុបណ្ឌិត ២ ឆ្នាំ និងបណ្ឌិត ៣ ឆ្នាំដល់ ៦ ឆ្នាំ។ការចុះឈ្នោះចូលរៀនរបស់សិស្សនៅថ្នាក់ឧត្តមសិក្សាបានកើនឡើងពីជាង២៨ ០៨០នាក់ក្នុងឆ្នាំ ២០០០ ដល់ និងមានចំនួនជាង២០ម៉ឺននាក់( ២០១,៩០០) រួមទាំងនិស្សិតអន្តរជាតិចំនួន ១៥៥នាក់ផងក្នុងឆ្នាំសិក្សា ២០២០-២១៕
ដោយ៖យុទ្ធ វីរៈ

ads banner