ឧបទ្ទវហេតុនៅ​សង្កាត់ Itaewon៖ ប៉ូលីស​កូរ៉េ​ខាង​ត្បូង​សារភាព​ថា​ពុំ​បាន​ធ្វើ​ប្រតិបត្តិការ​ឆ្លើយ​តប​ឱ្យ​បាន​គ្រប់​គ្រាន់

សេអ៊ូល៖ មេ​បញ្ជាការ​ប៉ូលីស​កូរ៉េ​ខាង​ត្បូង លោក Yoon Hee-keun បាន​ថ្លែង​ថា ក្រុម​ប៉ូលីស​កូរ៉េ​ខាង​ត្បូង​ពុំ​បានធ្វើ​ប្រតិបត្តិការ​ជា​បន្ទាន់ និង​បាន​គ្រប់​គ្រាន់ ដើម្បី​ឆ្លើយ​តប​នឹង​ឧបទ្ទវហេតុ​ជាន់​គ្នា​ស្លាប់​នៅ​សង្កាត់​ Itaewon ដែល​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​២៩ខែ​តុលា​ឆ្នាំ២០២២កន្លង​ទៅ​។ នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​ជា​លើក​ដំបូង​បង្អស់​របស់​មេ​បញ្ជាការ​​ប៉ូលីស​កូរ៉េ​ខាង​ត្បូង ដោយ​បាន​ប្ដេជ្ញា​ថា លោក​នឹង​បើក​ការ​ស៊ើប​អង្កេត​ដ៏​ពេញ​លេញ​មួយ​សម្រាប់​ករណី​នេះ​។

លោក Lee Sang-min រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​សូម​ទោស​ចំពោះ​សោកនាដកម្ម​​ដ៏​សោកសៅ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់១៥៦​នាក់ និង​មាន​មនុស្ស​១៥២​នាក់​ផ្សេង​ទៀត​រង​របួស​។ ហេតុការណ៍​នេះ គឺ​ជា​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​មួយ​របស់​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​គ្រោះ​ថ្នាក់​លិច​សាឡាងកាល​ពី​ឆ្នាំ​២០១៤សម្លាប់​មនុស្ស​អស់​ជាង​៣០០​នាក់ដែល​ភាគ​ច្រើន​ជា​សិស្ស​សាលា​។

សូម​រំឭក​ថា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​តុលា ហេតុការណ៍​ជាន់​គ្នា​ស្លាប់​បាន​កើត​ឡើង​នៅ​សង្កាត់ Itaewon ដ៏​ល្បីល្បាញ​នៃ​ទីក្រុងសេអ៊ូល ខណៈ​ពេល​ដែល​ហ្វូង​យុវជន​រាប់​រយ​រាប់​ពាន់​នាក់ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ Halloween ដោយ​គ្មាន​វិធានការ​រឹត​ត្បិត​សុខភាព​ជា​លើក​ដំបូង ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​១៩ កាល​ពី​ចុង​ឆ្នាំ​២០១៩​។

នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក Lee Sang-min បានថ្លែង​សុំទោសដល់​ប្រជាពលរដ្ឋ​ដូច្នេះ​ថា៖ «​វា​ពិត​ជា​រឿង​ដ៏​គួរ​ឱ្យ​សោកសៅ​ណាស់​សម្រាប់​ខ្ញុំ ក្នុង​នាម​ជា​ឪពុក​ម្នាក់​ដែល​មាន​ទាំង​កូន​ប្រុស​និង​កូន​ស្រី»។ និង​ថា ហេតុការណ៍​ដែល​មិន​គួរ​កើត​នេះ ពិបាក​នឹង​ទទួល​ណាស់​»​។

នៅ​ថ្ងៃ​អង្គារ ទី​១ខែ​វិច្ឆិកា​នេះ លោកប្រធានាធិបតី Yoon Suk-yeol បានថ្លែងថា ឧបទ្ទវហេតុនេះ គឺ​ជា​មេរៀន​ដ៏​ជូរចត់​មួយ ដែល​ឆ្លុះ​បញ្ចាំង​អំពីសារៈសំខាន់​នៃ​ការគ្រប់គ្រង​ក្រុមមនុស្ស និងកង្វះការវាយ​តម្លៃឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​​របស់​អាជ្ញាធរ​ចំពោះ​រឿង​នេះ។ តាម​រយៈ​ហេតុការណ៍​នេះ លោក​ប្រធានាធិបតីYoonត្រូវ​ប្រឈម​នឹង​សម្ពាធ​នយោបាយ​កាន់​តែ​ខ្លាំងខណៈ​ដែល​ប្រជាប្រិយភាពរបស់លោក​បាន​​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​មុន​ពេល​មាន​រឿង​នេះ​កើត​ឡើង​ម្ល៉េះ៕

ដោយ៖កែវ កិរិយា

https://www.bbc.com/news/63467200

ads banner