សម្តេចតេជោ ហ៊ុន សែន សុំការអធ្យាស្រ័យជាមុន ចំពោះអវត្តមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខ ព្រោះបញ្ហាសុខភាព

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មិនអាចចេញទទួល ភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាលនានា ដែលនឹងអញ្ជើញមកកម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានខាងមុខ បានទេ  ដោយសារបញ្ហាសុខភាព នេះបើតាមគេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុនសែន ស្នើសុំការអធ្យាស្រ័យ ពីថ្នាក់ដឹកនាំកំពូលៗ មកពីបណ្តាលប្រទេសនានា លើសកលលោក ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំ ក្នុងពិធីធំៗរយៈពេល កន្លងមក និងការប្រជុំអាស៊ាន នាពេលខាងមុខ។ ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នង ដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន»

«ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានា ដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ មេដឹកនាំប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាននានា រួមទាំងភរិយារបស់ថ្នាក់ដឹកនាំ នឹងមកកាន់ប្រទេសកម្ពុជាជាមួយស្វាមី នៅក្នុងឱកាសកិច្ចប្រជុំកំពូលខាងមុខ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner