នាយករដ្ឋមន្រ្តីជប៉ុនប្តេជ្ញាពង្រឹងសមត្ថភាពយោធា ខណៈហានិភ័យសន្តិសុខកំពុងកើនឡើង
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានថ្លែងនៅឯពិធីត្រួតពិនិត្យកងនាវាអន្តរជាតិនៅថ្ងៃអាទិត្យទី០៦ ខែវិច្ឆិកានេះថា ប្រទេសរបស់លោកត្រូវការជាបន្ទាន់ ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន ខណៈដែលហានិភ័យសន្តិសុខកើនឡើង រួមទាំងការគំរាមកំហែងពីវឌ្ឍនភាពនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ក៏ដូចជាសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ។
នាវាចម្បាំងចំនួន១៨គ្រឿងមកពី១២ប្រទេស បានចូលរួមក្នុងព្រឹត្តិការណ៍ត្រួតពិនិត្យខាងលើនេះ រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ឥណ្ឌា នូវែលសេឡង់ សិង្ហបុរី និងកូរ៉េខាងត្បូង ខណៈដែលសហរដ្ឋអាមេរិក និងបារាំងក៏បានបញ្ជូនយន្តហោះចម្បាំងមកចូលរួមផងដែរ។កូរ៉េខាងត្បូងបានចូលរួមជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ ដែលជាសញ្ញាចុងក្រោយ នៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដ៏តឹងតែងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ជុំវិញអំពើឃោរឃៅក្នុងសម័យសង្គ្រាមរបស់ប្រទេសជប៉ុន។
នាឱកាសនោះដែរ លោក គីស៊ីដា បានបញ្ជាក់យ៉ាងដូច្នេះថា បរិយាកាសសន្តិសុខនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ជាពិសេសជុំវិញប្រទេសជប៉ុនកាន់តែធ្ងន់ធ្ងរទៅៗ ដោយកត់សម្គាល់ពីការកើនឡើងនៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង រួមទាំងកាំជ្រួចដែលបានហោះពីលើប្រទេសជប៉ុនកាលពីខែមុន និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៅក្នុងតំបន់អាស៊ី នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក គីស៊ីដា បន្តថា ការជៀសវាងជម្លោះ និងការស្វែងរកការសន្ទនា គឺមានសារៈសំខាន់ណាស់ ប៉ុន្តែវាក៏ចាំបាច់ផងដែរ ក្នុងការរៀបចំខ្លួនទប់ទល់នឹងការបង្កហេតុ ព្រមទាំងការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព។ ទន្ទឹមគ្នា លោក គីស៊ីដា បានសន្យាជាថ្មីម្តងទៀត ក្នុងការពង្រឹងសមត្ថភាពយោធារបស់ជប៉ុនឱ្យកាន់តែខ្លាំងក្លាក្នុងរយៈពេល៥ឆ្នាំ។ លោកថា ជប៉ុនត្រូវការជាបន្ទាន់ក្នុងការកសាងនាវាចម្បាំងបន្ថែមទៀត ការពង្រឹងសមត្ថភាពប្រឆាំងមីស៊ីល និងកែលម្អលក្ខខណ្ឌការងារសម្រាប់កងទ័ព ជាពិសេសជប៉ុននឹងពង្រឹងបន្ថែមទៀត នូវសមត្ថភាពរារាំង និងការឆ្លើយតបនៃសម្ព័ន្ធភាពជប៉ុន-អាមេរិក៕ ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា

