ត្រីមេពូជ និងកូនត្រីជាង ១៤ម៉ឺនក្បាល និងកូនឈើប្រមាណ ៥ពាន់ដើម ត្រូវបានលែង និងដាំនៅក្នុងបរិវេណរមណីយដ្ឋាន ព្រលឹងប្រាសាទបន្ទាយទ័ព ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានអញ្ជើញលែងត្រីមេពូជ និងកូនត្រីជាង ១៤ម៉ឺនក្បាល នៅស្រុកព្រៃលប់ និងដាំកូនឈើចំនួនជាង ៥ពាន់ដើម នៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ នារម្មណីយដ្ឋាន ព្រលឹងប្រាសាទបន្ទាយទ័ព ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ត្រីទាំង១៤ម៉ឺនក្បាល ដែលត្រូវបានលែងនៅពេលនេះ រួមមានប្រភេទ ត្រីប្រា ឆ្ពិន ព្រលូង កន្ធរ គង់រាំង ត្រីក្រាយ និងត្រីស្លាត។ ដោយឡែក លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម បានឲ្យដឹងដែរថា ចំពោះកូនឈើដែលត្រូវបានយកមកដាំនៅពេលនេះ មានប្រភេទ គ្រញូង បេង ធ្នង់ គគី ផ្តៀក និងឈើទាល ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានមានប្រសាសន៍ថា៖ បម្រែបម្រួលអាកាសធាតុបានប៉ះពាល់យ៉ាងខ្លាំងដល់ផលស្តុកធនធានជលផល រួមទាំងស្ថានភាពប្រែប្រួលធារទឹកដែលធ្វើឲ្យបរិមាណធារទឹកមិនអាចផ្តល់ឱកាសនៃការរីកលូតលាស់ធំធាត់ដល់ត្រី ទៅតាមលក្ខខណ្ឌធម្មជាតិរបស់វា ជាពិសេសនៅតាមបឹង ទន្លេ ស្ទឹង ជាដើម ។ ដូច្នេះ ការលែងត្រីមេពូជ និងកូនត្រីនាថ្ងៃនេះ គឺមានសារសំខាន់ណាស់ដល់ការអភិរក្សមេពូជត្រី និងបង្កើនបច្ឆាជាតិឲ្យសំបូរឡើងវិញ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា ដោយឡែក ការដាំកូនឈើ ក៏ជាកិច្ចការមួយដ៏សំខាន់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងចលនាដាំដើមឈើឡើងវិញ សំដៅថែរក្សាបរិស្ថានបៃតង និងលំនឹងធម្មជាតិ។ ម្យ៉ាងទៀត ការដាំដើមឈើនៅពេលនេះ ក៏វាស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែជម្រុញ និងបំផុសឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើឡើងវិញ ដើម្បីរក្សានូវបរិស្ថានបៃតង និងនិរន្តរភាពនៃជីវៈចម្រុះគ្រប់ប្រភេទ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏ធ្លាប់បានដាក់ចេញនូវវិធានការក្តៅក្នុងការបង្ក្រាប និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដើម្បីរក្សាថែរក្សាព្រៃឈើរបស់យើងឲ្យនៅគង់វង្ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា និងអភិរក្សពូជបច្ឆា ជាតិ និងព្រៃឈើ ឲ្យបានគង់វង់ ដោយមិនត្រូវនេសាទត្រីនៅរដូវត្រីពងកូន និងមិនត្រូវប្រើប្រាស់ឧបករណ៏ខុសច្បាប់គ្រប់ប្រភេទ និងមិនត្រូវកាន់បំផ្លាញ់ព្រៃឈើជាដាច់ខាត ដើម្បីនិរន្តរភាពបរិស្ថានបៃតង និងប្រព័ន្ធអេកូឡូស៊ី ៕សេឌី