នាយករដ្ឋមន្រ្ដីចិន នឹងអញ្ជើញមកដល់កម្ពុជានៅយប់នេះ
ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុកនៅយប់ថ្ងៃទី០៨ ខែវិច្ឆិកានេះ ឯកឧត្តម លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម លី ខឺឈាង នឹងថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នឹងជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងក្នុងពិធីសម្ភោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។
ឯកឧត្តមនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម លី ខឺឈាង ក៏នឹងអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដែលក្នុងឱកាសនោះ ឯកឧត្តម នឹងអញ្ជើញធ្វើជាអធិបតីជាមួយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញ នៃប្រាសាទតាកែវ ផងដែរ៕
ដោយ៖ពលជ័យ