សេចក្ដីប្រកាសរួមបង្ហាញលទ្ធផលនៃជំនួបពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានចេញសេចក្ដីប្រកាសព័ត៌មានរួមមួយបង្ហាញអំពីលទ្ធផលនៃជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។

សេចក្ដីប្រកាសរួម បានគូសបញ្ជាក់ឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពជាឯកច្ឆន្ទលើចំណុចជាច្រើន តាមរយៈការផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិនឱ្យបានខ្លាំងក្លាថែមទៀត។

ភាគីចិនបានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សាជាថ្មីពីការគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា និងបានអះអាងពីការគាំទ្រ ចំពោះជម្រើសនៃមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា។

ភាគីចិនបានបញ្ជាក់សាជាថ្មីពីការប្ដេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាស្ថិរភាពដ៏យូរអង្វែង ការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងបានជូនពរយ៉ាងស្មោះស្ម័គ្រ និងមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងបន្តសម្រេចបានវឌ្ឍនភាពថ្មីៗទៀត ក្នុងការអភិវឌ្ឍជាតិ និងសុខុមាលភាពជូនប្រជាជន ក្រោមម្លប់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ។
សូមអាននូវសេចក្តីប្រកាសរួមដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ads banner