អ្នកកាសែតបរទសថា កម្ពុជាផ្តល់អំណោយផលល្អក្នុងការយកព័ត៌មាននិងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រព្រឹត្តទៅរលូនល្អ
ភ្នំពេញ៖ តាមរយៈការមកចូលរួមយកព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅក្នុងសណ្ឋានគារសុខា រាជធានីភ្នំពេញ ដែលមានក្រុមអ្នកសារព័ត៌មានប្រមាណជិត ២ពាន់នាក់ក្នុងនេះអ្នកសារព័ត៌មានបរទេសមួយចំនួនបានការកោតសរសើរដល់ការរៀបចំរបស់កម្ពុជាថាបានផ្តល់ភាពងាយស្រួលក្នុងការយកព័ត៌មាន និងក៏ដូចជាការរៀបចំកិច្ចប្រជុំប្រព្រឹត្តិដោយរលូនល្អ។
គួរបញ្ជាក់ថាក្រុមអ្នកសារព័ត៌មានយ៉ាងហោចណាស់ជិត ២ពាន់នាក់មកពីស្ថាប័នជាតិ និងអន្តរជាតិបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលងអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកនេះ។
ខណៈពេលកំពុងយកព័ត៌មាន និងកំពុងសរសេរព័ត៌មានសម្រាប់ផលិតចុះផ្សាយទៅកាន់ប្រទេសខ្លួន លោក សាតាផន អានុគុល អ្នកយកព័ត៌មានប្រចាំប៉ុស្តទូរទស្សន៍លេខ៣របស់ប្រទេសថៃបានបញ្ជាក់ប្រាប់ថា៖លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាឃើញថាមានការរីកចម្រើនច្រើន ហើយអ្វីដែលលោកមិននឹកស្មានដល់នោះគឺគ្រប់ប្រព័ន្ធដែលអ្នកសារព័ត៌មានមកកាន់ប្រទេសកម្ពុជា ដោយបានផ្តល់អំណោយផលល្អទាំងការរស់នៅ ការហូបចុកជាដើមនិងរួមទាំងការយកព័ត៌មានផង។
ទាក់ទិនក្នុងការយកព័ត៌មានវិញលោកសង្កេតឃើញថា” រូបភាពជារួមហើយគឺឃើញថាល្អ ក្នុងនេះដូចជាការផ្តល់រូបភាព ឯកសារ និងទិន្នន័យលឿន ធ្វើឱ្យក្រុមអ្នកយកព័ត៌មាន ទទួលបានភាពងាយស្រួលនិងច្បាស់លាស់”។
អ្នកយកព័ត៌មានប្រទេសឥណ្ឌូនេស៊ី កញ្ញា ដាយ អាណា មកពីស្ថាប័នទូរទស្សន៍ SEA TO DAYបានឱ្យដឹងថា៖” នេះជាលើកទី១ហើយដែលកញ្ញាបានមកកម្ពុជា អ្វីដែលកញ្ញាចាប់អារម្មណ៍មកដល់កម្ពុជាភ្លាមនោះគឺរ៉ឺម៉កកង់បីឬហៅថាតុកតុក និងការដែលកញ្ញាបានស្គាល់កម្ពុជានេះតាមរយៈការមើលសៀវភៅប្រវត្តិសាស្រ្ត”។
ទាក់ទិនក្នុងការមកយកព័ត៌មាននៅកម្ពុជានេះដែរ ត្រូវបានអ្នកយកសារព័ត៌មានប្រចាំទូរទស្សន៍ SEA TO DAY របស់ប្រទេសឥណ្ឌូនេស៊ីរូបនេះបានបញ្ជាក់ប្រាប់ថា៖”ខ្ញុំមកដល់ទីនេះឃើញថាមានការគ្រង់គ្រងបានល្អ មានសុវត្តិភាព ធ្វើឱ្យការយកព័ត៌មានប្រព្រឹត្តិទៅរលូន “។
អ្នកសារព័ត៌មានសម្បុរខ្មៅស្រអែមដែលមើលទៅហាក់ដូចជាជនជាតិខ្មែររូបនេះបានប្រាប់ឱ្យដឹងផងដែរថា៖ការចាប់អារម្មណ៍របស់កញ្ញាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះគឺចង់ឃើញឱ្យប្រទេសភូមាទទួលយកគោលការណ៍ទាំង៥ចំណុច ហើយសង្ឃឹមថាប្រទេសនេះនឹងអាចវិលមកប្រជុំជាមួយបណ្តាប្រទេសអាស៊ានបានវិញនៅលើកក្រោយ។
ដោយឡែកអ្នកយកព័ត៌មានមួយរូបទៀតមានឈ្មោះរិចរ៉ាមីត្យូ (Rex ramitio) ដែលជាអ្នកយកព័ត៌មានឱ្យស្ថាប័នCNN មកពីប្រទេសហ្វីលីពីនបានឱ្យដឹងថា”ខ្ញុំចូលចិត្តប្រទេសកម្ពុជា ដែលមានទេសភាពស្អាតស្រស់បំព្រង និងក្រៅពីនេះខ្ញុំក៏ចូលចិត្តម្ហូបអាហារ និងចង់ភ្លក្សប្រភេទអាហារ ជាចង្រិត អាពីង និងសត្វល្អិតដទៃទៀតដែលឃើញគេលក់តាមផ្លូវនៅកម្ពុជា”។
លោកបានបញ្ជាក់បន្ថែមថា៖ចំពោះការមកយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាននេះវិញ ឃើញថាប្រព្រឹត្តិទៅរលូនល្អ មានការយកចិត្តទុកដាក់ ការផ្តល់ព័ត៌មានឆាប់រហ័សនិងផ្តល់ទំនុកចិត្តខ្ពស់។
ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានឱ្យដឹងថា៖ការមកយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ានច្រើនរបស់អ្នកសារព័ត៌មានទាំងកម្ពុជានិងបរទេសបានបង្ហាញពីតូនាទីរបស់កម្ពុជា និងមួយទៀតគឺអ្នកកាសែតបរទេសមកនេះបានយកមកជាមួយនូវដៃគូជាអ្នកកាសែតកម្ពុជា ថែមទៀត។ទាំងនេះបង្ហាញពីភាពចាស់ទុំរបស់កម្ពុជា ភាពរឹងមាំទាំងផ្នែក នយោបាយនិងសេដ្ឋកិច្ចរបស់កម្ពុជាហើយនិងភាពរឹងមាំ ភាពចាស់ទុំរបស់កាសែតកម្ពុជាយើង។
គូរបញ្ជាក់ថាបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មានបានឱ្យដឹងថា៖ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងរយៈពេលជិតមួយសប្តាហ៍នេះ មានអ្នកសារព័ត៌មានក្នុងស្រុកដែលបានចុះឈ្មោះប្រមាណ ៣៥៤ នាក់ និងអ្នកសារព័ត៌មានបរទេសប្រមាណ ៩១០ នាក់ មកពីប្រទេសចំនួន ៣២ គិតត្រឹមថ្ងៃទី ៦ វិច្ឆិកា បូករួមវត្តមានរបស់អ្នកសារព័ត៌មានរបស់រដ្ឋ ធ្វើឱ្យចំនួនអ្នកចូលផ្តិតយកព័ត៌មាន មានក្នុងរង្វង់ជិត ២ពាន់នាក់៕ដោយ៖ម៉ាដេប៉ូ


