អ្នកស្រី ម៉ៅ សំណាង ពេញមួយជីវិតជាអ្នកនិពន្ធ មានសុខភាពមិនសូវល្អ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖លោកអ្នកប្រាកដជាបានស្គាល់ខ្លះរួចមកហើយពីអ្នកនិពន្ធដែលមាននាមប៉ាកកាថា “ទន្សាយ”។ ទន្សាយ ជានាមប៉ាកការបស់អ្នកស្រី ម៉ៅ សំណាង ដែលជាអ្នកនិពន្ធប្រលោមលោកដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្នាដៃជាច្រើនរបស់អ្នកនិពន្ធទន្សាយបានចេញផ្សាយ និងចែកចាយទូទាំងប្រទេស។ អ្នកសិក្សាអក្សរសិល្ប៍កំពុងពិចារណាយកស្នាដៃមួយចំនួនរបស់អ្នកស្រីទៅសិក្សាស្រាវជ្រាវ។

មួយរយៈចុងក្រោយនេះ អ្នកនិពន្ធទន្សាយមិនសូវបង្ហាញមុខក្នុងពិធីជាសាធារណៈ ក៏ដូចជាពិធីជួបជុំអ្នកនិពន្ធជាដើមនោះ។ កញ្ញា ថុន ថាវរី អ្នកនិពន្ធ និងជានាយិកាគ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅជីវិតដែលជួយរៀបចំបោះពុម្ពផ្សាយស្នាដៃរបស់អ្នកស្រី ម៉ៅ សំណាង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ការមិនសូវឃើញអ្នកនិពន្ធទន្សាយបង្ហាញមុខជាសាធារណៈ គឺដោយសារតែអ្នកនិពន្ធរូបនេះ មានសុខភាពមិនសូវល្អ។

នាយិកាគ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅជីវិត បានប្រាប់ឱ្យដឹងដូច្នេះថា៖ «សព្វថ្ងៃអ្នកគ្រូមិនសូវមានសុខភាពល្អទេ គាត់មានជំងឺប្រចាំកាយ»។ ចំពោះកិច្ចការងារតែងនិពន្ធ កញ្ញា ថុន ថាវរី ពន្យល់ថា៖ «រឿងអាចបន្តទៀតឬអត់ យើងមិនទាន់ដឹងទេ អាស្រ័យលើសុខភាពរបស់គាត់»។

អ្នកនិពន្ធទន្សាយបានចេញផ្សាយស្នាដៃជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៩ មកដល់ពេលនេះ ដែលស្នាដៃទាំងនោះរួមមាន រឿងប្រលោមចិត្ត ភាគ១&២, រឿងសែងសុរិយា, ទន្សាយជានរណា? រឿស្លាបមយូរី, រឿងភួងមាលាសមុទ្រឈាម, រឿងបុប្ផាឈៀងម៉ៃ, រឿងស្រមោលសន្យា, រឿងកុលាបខ្មៅ, និងរឿនភាល័យ ភាគ១, ភាគ២,ភាគ៣។ ហើយក្នុងឆ្នាំ២០២២ គាត់ចេញផ្សាយ នភាល័យភាគ១&២។

ចំពោះខ្លឹមសារសំខាន់ដែលអ្នកនិពន្ធចង់បង្ហាញក្នុង “រឿងនភាល័យ” ដែលទើបនឹងចេញផ្សាយថ្មីៗនេះ អ្នកនិពន្ធ ថុន ថាវរី បានបង្ហាញថា “នភាល័យ ជាប្រលោមលោកមនោសញ្ចេតនា បង្ហាញតួអង្គឯកដែលមានបេះដូងស្រពេចស្រពិល មិនច្បាស់វដូងខ្លួនឯង។ តួអង្គឯកមិនអាចបែងចែកបានពីពាក្យថាអាណិតនិងស្រឡាញ់។ តួអង្គបានរៀនពីមេរៀននៃសេចក្ដីអាណិតនិងស្រឡាញ់មួយនេះ ហើយព្យាយាមកែប្រែដើម្បីបង្ហាញចិត្ដស្មោះដើម្បីឱ្យមនុស្សដែលអ្នកស្រឡាញ់ព្រមផ្តល់ឱកាសឱ្យម្តងទៀត”។

សូមរម្លឹកថា អ្នកនិពន្ធ ម៉ៅ សំណាង កើតថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ១៩៥៩ នាក្រុងព្រះសីហនុ ដែលមានឪពុក ឈ្មោះ ម៉ៅ សោម ជាគ្រូបង្រៀនផ្នែកអក្សរសាស្ត្រខ្មែរ ដូចច្នេះហើយទើបអ្នកស្រីទទួលបានបណ្ដុះបណ្ដាលផ្នែកអក្សរសាស្ត្រខ្មែរពីលោកឪពុករបស់អ្នកស្រីផ្ទាល់។ ស្ថិតក្នុងវ័យជំទង់នៅអាយុ ១៥ឆ្នាំ អ្នកស្រីបានហាត់រៀនផ្នែកតែងនិពន្ធជាលើកដំបូង និងហាត់រៀនអត្ថបទល្ខោននិយាយក្នុងអំឡុងឆ្នាំ១៩៧៤។ មួយឆ្នាំក្រោយមក អំឡុងពេលដែលប្រទេសកម្ពុជាទាំងមូលធ្លាក់ចូលក្នុងវិបិត្តសង្គ្រាមស៊ីវិល អ្នកស្រីមិនមានឱកាសតែងនិពន្ធនោះទេ។

រហូតដល់ប្រទេសកម្ពុជាបានធូរស្រាលពីវិបត្តិសង្គ្រាម អ្នកស្រី ម៉ៅ សំណាង បានពង្រឹងសមត្ថភាពនៃការតែងនិពន្ធឡើងវិញក្នុងអំឡុងឆ្នាំ១៩៨១ អ្នកស្រីបានតែងនិពន្ធរឿងប្រលោមលោកជាលើកដំបូង ដែលស្នាដៃទី១របស់អ្នកស្រីផ្ទាល់គឺ “រឿងទឹកភ្នែកគ្រីយ៉ាណា” ហើយរឿងនេះត្រូវគេយកទៅបញ្ចូលសំឡេងជាល្ខោននិយាយ ចាក់ផ្សាយតាមវិទ្យុ។ ភាពល្បីល្បាញនៃប្រលោមលោករបស់អ្នកស្រី គេគ្រប់គ្នាដឹងត្រឹមអ្នកពិន្ធឈ្មោះ “ទន្សាយ” ប៉ុណ្ណោះ ព្រោះថាអ្នកស្រីមិនបានបង្ហាញឈ្មោះពិតឡើយ។

អ្នកស្រីគឺជាអ្នកនិពន្ធជនជាតិខ្មែរដ៏មានប្រជាប្រិយមួយរូបក្នុងប្រទេសកម្ពុជា តាមរយៈស្នាដៃនិពន្ធរឿងជាងមួយរយរឿងដូជា៖ រឿងរលកបោកខ្សាច់ ឆ្នាំ១៩៩៥, រឿងពន្លឺចន្ទ ឆ្នាំ១៩៩៨, រឿងកម្រងផ្កាម្លិះ ឆ្នាំ២០០០, រឿងឋានសួគ៌សាងបាប ឆ្នាំ ២០០០, រឿងសមុទ្រខ្មៅ ឆ្នាំ ២០០១ ដែលសុទ្ធសឹងជារឿងប្រលោមលោកទទួលបានជ័យលាភី។ ចំពោះស្នាដៃសរសេរសាច់រឿងដ៏លេចធ្លោ ដែលបានថតជាខ្សែរភាពយន្ត មានដូចជា៖ កតញ្ញូ ឆ្នាំ២០០៣, ខ្មោចដើមចេកជ្វា ឆ្នាំ២០០៤, ផ្ទះខ្មោចទិញឆ្នាំ ២០០៥, ភូមិគ្រឹះខ្មោច ឆ្នាំ២០០៦, ល្បែងសួរខ្មោច ឆ្នាំ២០០៦ ជាដើម៕ ដោយ៖ ហ៊ួន ស៊ីឡូន

ads banner