ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បាននិងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាងដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និងជោគជ័យ។ ក្នុងនេះ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើនប្រកបដោយភាពជាក់លាក់ បត់បែន និងទាក់ទាញជាងមុន ជាពិសេសការលើកលែងសារពើពន្ធ និងការការពារដល់វិនិយោគិន។ ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ប្រកបដោយភាពអំណោយផល តំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា ក៏ជាយន្តការឈានមុខនៅក្នុងការស្រូបយកវិនិយោគ និងជំរុញការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជាផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណដល់ក្រុមហ៊ុន ដែលបានជ្រើសរើសយកកម្ពុជាជាគោលដៅក្នុងការវិនិយោគរយៈពេលវែង ដែលជាសញ្ញាវិជ្ជមានប្រកបដោយសុទិដ្ឋិនិយម ដែលបង្ហាញអំពីទំនុកចិត្តចំពោះលក្ខណៈអំណោយផលល្អនៃបរិយាកាសវិនិយោគ ក៏ដូចជាចំពោះសក្តានុពលដ៏រឹងមាំនៃវិស័យឧស្សាហកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលតែងជាមិត្តដ៏ល្អរបស់កម្ពុជា ទាំងក្នុងដំណាក់កាលនៃការបង្រួបបបង្រួមជាតិស្វែងរកសន្តិភាព និងដំណាក់កាលកសាងអភិវឌ្ឍប្រទេសក្រោយទទួលបានសន្តិភាពពេញលេញ ហើយជាពិសេសការឧបត្ថម្ភគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កន្លងទៅថ្មីៗនេះ។
ឯកឧត្តមបណ្ឌិត បានបន្តថា មួយវិញទៀត ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ កម្ពុជាបានវិនិយោគសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធរូបវន្តឆ្អឹងខ្នង រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិថ្មីទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងសៀមរាប និងក្រុងព្រះសីហនុ ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ សំដៅលុបបំបាត់ឧបសគ្គនៃជម្រៅទឹក និងបើកបម្រើសេវាដល់នាវាធំៗពីសហរដ្ឋអាមេរិក និងអឺរ៉ុប ចូលត្រង់មកកម្ពុជា ការសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅកំពង់ផែទឹកជ្រៅ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត ដែលភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា និងអាស៊ាន ព្រមជាមួយនឹងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាដើម។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងទស្សនវិស័យដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពភាពក្រីក្រ គឺទាមទារនូវការបង្កើតឱកាសការងារបន្ថែមទៀត ដែលក្នុងនោះមានកិច្ចការចម្បងចំនួន ០៣ ដែលត្រូវជំរុញ៖ ទី១.បរិមាណនៃឱកាសការងារដែលលាតសន្ធឹងពីទីក្រុងរហូតដល់ជនបទ ស្របទៅតាមសក្តានុពលអំណោយផលនៃទីតាំងនីមួយៗ។ ទី២.ការលើកកម្ពស់គុណភាពនៃអាជីវកម្ម និងវិនិយោគនៅកម្ពុជា តាយរយៈការរៀបចំឱ្យមានយុទ្ធសាស្រ្តច្បាស់លាស់ និងយូរអង្វែង ដើម្បីអភិវឌ្ឍនៅនឹងកន្លែង តាមរយៈការផ្តល់ឱកាសឱ្យកម្មករ-និយោជិត ទទួលបានបៀវត្សល្អ និងឱកាសក្នុងការបង្កើនសមត្ថភាព ការផ្តល់ការការពារផ្នែកសិទ្ធិសេរីភាព ការយកចិត្តទុកដាក់លើការគាំពារសុខុមាលភាពបស់កម្មករ-និយោជិត និងការនាំចូលនូវបច្ចេវិទ្យាទំនើប ព្រមជាមួយនឹងបែបបទស្តង់ដារការងារថ្មី។ ទី៣. ការវិនិយោគដែលមានលក្ខណៈសមធម៌ ដោយសង្កត់ធ្ងន់ទៅលើភាពសុខុដុមរមនារវាងនិយោជក និងនិយោជិត ដែលជាតួអង្គចម្បងក្នុងការរុញសង្វាក់ផលិតកម្មក្នុងវិស័យឯកជន ឱ្យបោះជំហានទៅមុខប្រកបដោយចីរភាព និងនិរន្តរភាព។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា កត្តាសុខសន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍឆាប់រហ័សរបស់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ បានធ្វើឱ្យថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអំណាចធំៗលើសាកលលោក និងប្រទេសដៃគូក្នុងតំបន់ បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ហើយបានញ៉ាំងឱ្យកិច្ចប្រជុំទាំងនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ទាំងនេះបាននាំមកនូវមោទនភាពដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក៏ជាការផ្សព្វផ្សាយទៅកាន់សាកលលោកអំពីសុខសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ក្រោមដំណើរវិវឌ្ឍន៍យ៉ាងឆាប់រហ័សចេញពីប្រទេសធ្លាប់ទទួលរងការផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារសង្គ្រាម៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត