ហ្វាំងឡង់ត្រូវការជនអន្តោប្រវេសន៍ប្រមាណ ៥០,០០០នាក់ក្នុងមួយឆ្នាំរហូតដល់ ឆ្នាំ២០៥០ខាងមុខ ដើម្បីបំពេញការងារទំនេរ
ហែលស៊ិនគី៖ ក្រុមហ៊ុនបច្ចេកវិទ្យាហ្វាំងឡង់ ក្នុងថ្ងៃពុធទី១៦ ខែវិច្ឆិកានេះ បានលើកឡើងថា ប្រទេសហ្វាំងឡង់ត្រូវការជនអន្តោរប្រវេសន៍ជាង ៥០,០០០នាក់ក្នុងមួយឆ្នាំសម្រាប់រយៈពេល ២៨ឆ្នាំខាងមុខ ដើម្បីបំពេញការងារទំនេរដែលកើតឡើងដោយសារតែការកើនឡើងចំនួនប្រជាជនមានវ័យចំណាស់។
លោក Jaakko Eskola ប្រធានក្រុមហ៊ុន Technology Finland ដែលជាសមាគមនៃក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាប្រហែល ១,៨០០ក្រុមហ៊ុន បាននិយាយថា ឧស្សាហកម្មបច្ចេកវិទ្យាតែមួយគត់ ដែលជាវិស័យនាំចេញដ៏សំខាន់បំផុតនៅក្នុងប្រទេសហ្វាំងឡង់ នឹងត្រូវការអ្នកជំនាញថ្មីរហូតដល់ ១៣០,០០០នាក់ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
មានតែពាក់កណ្តាលនៃចំនួនទាំងនេះប៉ុណ្ណោះដែលនឹងជំនួសអ្នកចូលនិវត្តន៍ ដែលមានន័យថា នឹងមានការងារទំនេររាប់ម៉ឺនកន្លែង នៅក្នុងឧស្សាហកម្មនាំចេញក្នុងរយៈពេល១០ឆ្នាំខាងមុខ។ លោក Eskola បន្តថា ប្រសិនបើហ្វាំងឡង់មិនមានមនុស្សក្នុងវ័យធ្វើការគ្រប់គ្រាន់ទេនោះ ស្ថានភាពសុខុមាលភាពរដ្ឋនឹងមិនត្រូវបានរក្សាឡើយ។
លោកថា ជម្រើសតែមួយគត់ គឺត្រូវបង្កើនការទទួលយកអន្តោប្រវេសន៍ដ៏ច្រើន ដូច្នេះហ្វាំងឡង់ត្រូវតែកសាងគោលនយោបាយអន្តោប្រវេសន៍រយៈពេលវែងប្រកបដោយជោគជ័យ។ លោកបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ ការពឹងផ្អែកលើជនអន្តោប្រវេសន៍តែមួយមុខ នឹងមិនអាចជួយដោះស្រាយបញ្ហាប្រឈមទាំងអស់របស់ប្រទេសហ្វាំងឡង់បាននោះទេ។ វាចាំបាច់ណាស់ ក្នុងការលើកកំពស់ជំនាញដល់យុវជន ជាពិសេសក្នុងវិស័យព័ត៌មានវិទ្យា និងទំនាក់ទំនង៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា