ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈឈ្នះឯកទគ្គកម្មពិភពលោក (Video Inside)
ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈក្នុងប្រទេសកម្ពុជា បានបំបែកឯកទគ្គកម្មពិភពលោក លើការសម្តែងសៀកដែលមានរយៈពេលយូរជាងគេ។ បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងការ អបអរសាទរចំពោះក្រុមសៀករបស់កម្ពុជាដែលបានព្យាយាមបង្កើតកំណត់ត្រាពិភពលោក ហ្គីណេស (Guinness) ដោយសម្តែងសៀកជាប់រហូត រយៈពេលជាង ២៤ម៉ោង។
ការសម្តែងនោះ តាមពិតបានធ្វើឡើងតាំងពីឆ្នាំ២០២១ ប៉ុន្តែអង្គការ Guinness World Records ទើបនឹងប្រកាសអំពីជោគជ័យ នៃការបំបែកឯកទគ្គកម្មនេះនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា។ អង្គការហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា ការសម្តែងសៀករបស់ខ្លួន បានធ្វើឡើង នៅក្រុងបាត់ដំបងដែលមានរយៈពេលសរុប ២៤ ម៉ោង ១០នាទី ៣០វិនាទី ដែលជាកិច្ចខិតខំ ប្រឹងប្រែងដើម្បីកៀរគរថវិកាជួយអ្នកក្រីក្រដែលរងគ្រោះដោយសារវិបត្តិឆ្លងកូវីដ១៩។
អង្គការហ្វាពន្លឺសិល្បៈត្រូវបានបង្កើតឡើងដោយជនភៀសខ្លួនកម្ពុជា និងជនរងគ្រោះ ពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីជួយគ្រួសារកម្ពុជាឱ្យចេញពីភាពក្រីក្រ និងដើម្បីថែរក្សាវប្បធម៌កម្ពុជា។
កំណត់ត្រាពិភពលោក «ការសម្តែងសៀកវែងបំផុត» នេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីកំណត់ត្រាពិភពលោកផ្សេងទៀតរបស់កម្ពុជា រួមមានក្រមាវែងជាងគេ បំផុត, នំអន្សមយក្ខធំជាងគេបំផុត, ទូកងវែងជាងគេបំផុត, សិក្ខាសាលាធុរកិច្ចពិភពលោក និងការរាំចង្វាក់ម៉ាឌីហ្សូន ដែលអ្វីទាំងនេះគឺ សុទ្ធសឹងជាស្នាដៃនៃយុវជនខ្មែរក្នុងជំនាន់ សម័យតេជោ ហ៊ុន សែន។