កម្ពុជាមានចំណូលចំណាយក្នុងរង្វង់ជាងបួនពាន់លានដុល្លារក្នុងរយៈពេលប្រាំបួនខែឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជាមានចំណូលចំណាយក្នុងរង្វង់ជាង៤.៦០០លានដុល្លារក្នុងប្រាំបួនខែនៃឆ្នាំ២០២២ដោយគិតចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២២។នេះបើតាមរបាយការណ៍ថ្មីមួយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលចេញផ្សាយនៅខែវិច្ឆិកានេះ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើកឡើងថា កម្ពុជាប្រមូលចំណូលបានចំនួន១៨ ៦៣៨ពាន់លានរៀល ដែលស្មើនឹងប្រមាណ៤ ៦០០លានដុល្លារ ស្មើនឹង ៨៣.៧៩ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ កើនឡើង២៤.៨១ភាគរយ។
ប្រភពដដែលបន្តថា រាជរដ្ឋាភិបាលកម្ពុជាចាយប្រាក់អស់ចំនួន១៨ ០៨៨ ពាន់លានរៀល (ប្រមាណ៤៤៦០លានដុល្លារ) ស្មើនឹង ៥៨.១៦ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ ។
បើគិតសមតុល្យចំណូលធៀបនឹងចំណាយ កម្ពុជាចាយថវិកាជាតិសល់ប្រាក់ប្រមាណជាង១៣៨លានដុល្លារសម្រាប់តម្កល់ក្នុងឃ្លាំងរដ្ឋ។
ក្រសួងសេដ្ឋកិច្ចតាមរយៈរបាយការណ៍បញ្ជាក់ថា ៖«ការអនុវត្តចំណាយ គឺនៅបន្តរក្សានូវគោលការណ៍រឹតបន្តឹង ចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់អនុវត្តឱ្យចំមុខ សញ្ញាប្រកបដោយបុរសកម្ម(ការគិតទុកជាមុន) បន្តដោះស្រាយផលប៉ះពាល់ នៃវិបត្តិជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា»។
របាយការណ៍បានគូសបញ្ជាក់ថា ៖«រាជរដ្ឋាភិបាល បន្តភាពប្រយ័ត្នប្រយែងខ្ពស់ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិ និងផ្តល់លទ្ធភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការ នៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា»។
តាមការព្យាករណ៍របស់ធនាគារពិភពលោក (World Bank) កាលពីខែមិថុនាបង្ហាញថា សេដ្ឋកិច្ចកម្ពុជាផ្ដើមងើបឡើងវិញពីវិបត្តិបណ្ដាលមកពីជំងឺកូវីដ១៩។ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ៤,៥ភាគរយ ក្នុងឆ្នាំ២០២២។ ប៉ុន្តែស្ថាប័នហិរញ្ញវត្ថុធំជាងគេលើលោកនេះបញ្ជាក់ថា ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសកល។
ធនាគារពិភពលោកកត់សម្គាល់ថា៖« ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឱ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់ ៦,៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ»។
រាជរដ្ឋាភិបាលបានបន្តអនុវត្តវិធានការអន្តរាគមន៍សង្គមនិងសេដ្ឋកិច្ច ដូចជាការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជួយដល់គ្រួសារក្រីក្រនិងជនងាយរងគ្រោះ កម្មវិធីសាច់ប្រាក់ពលកម្ម, និងការធ្វើវិចារណកម្មចំណាយនិងពង្រឹងប្រសិទ្ធភាពចំណាយ ថវិកាជាតិ សំដៅស្តារនិងជំរុញកំណើនសេដ្ឋកិច្ច។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម មាស សុខសេនសាន ធ្លាប់ប្រាប់ថា រាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវកៀរគរប្រភពចំណូលឱ្យបានខ្ពស់បំផុតហើយវិធានការកាត់បន្ថយចំណាយត្រូវអនុវត្តបន្តទៀត៕ ដោយ៖ វណ្ណ ស័ក្ដិ