ករណីឆ្លងកូវីដ ប្រចាំថ្ងៃនៅចិន ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

ចិន៖ ទោះបីជាមានការអនុវត្តវិធានការរឹតត្បិតខ្លាំងយ៉ាងណាក៏ដោយ ក៏ករណីឆ្លងកូវីដប្រចាំថ្ងៃនៅក្នុងប្រទេសចិន នៅតែអាចកើនចំនួនបានដដែល។ បើតាមទិន្នន័យផ្លូវការបង្ហាញនៅព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ចំនួនករណីឆ្លងកូវីថ្មីរបស់ចិន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន តាំងពីជំងឺរាតត្បាតចាប់ផ្តើមមក។

ប្រទេសចិន កាលពីថ្ងៃពុធ បានកត់ត្រាករណីឆ្លងកូវីដក្នុងស្រុកចំនួន ៣១ ៤៥៤ ករណី ក្នុងនោះមាន ២៧ ៥១៧ ជាករណីគ្មានរោគសញ្ញា។ នេះបើតាមតួលេខរបស់ការិយាល័យសុខភាពជាតិនៅទីក្រុងប៉េកាំង។

ករណីឆ្លងកូវីដប្រចាំនៅចិន បានកើនឡើងនៅក្នុងទីក្រុងជាច្រើន បើទោះបីជារដ្ឋអំណាច នៅកំពុងបន្តអនុវត្តវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់កូវីដក៏ដោយ។ ទីក្រុងជាច្រើនរួមមាន ទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងឆុងឈីង បានរឹតបន្តឹងវិធានការប្រយុទ្ធប្រឆាំងកូវីដបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមមួយនេះ។

នៅខណៈពេលដែលករណីឆ្លងកូវីដកើនឡើងខ្លាំងបែបនេះ ការមិនពេញចិត្តរបស់ប្រជាជនចិន ចំពោះវិធានការទប់ស្កាត់កូវីដដ៏តឹងតែងរបស់អាជ្ញាធរក៏កើនឡើងខ្លាំងដូចគ្នាដែរ។

ការតវ៉ាដោយហិង្សាបានកើតឡើងក្នុងសប្តាហ៍នេះ នៅរោងចក្រ iPhone ដែលជារោងចក្រធំជាងគេក្នុងពិភពលោក ស្ថិតក្នុងទីក្រុង Zhengzhou ប្រទេសចិន។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីកម្មករកំពុងប្រឈមមុខគ្នាជាមួនឹងប៉ូលិស បន្ទាប់ពីអាជ្ញាធរព្យាយាមបិទរោងចក្រនេះ ក្រោយមានការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ១៩។

ការតវ៉ានេះ បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រជាជនចិនរស់នៅក្នុងទីក្រុងក្វាងចូវមួយចំនួន បានបះបោរប្រឆាំងនឹងវិធានការបិទខ្ទប់តឹងរ៉ឹង ដោយពួកគេបានរុះរើបាំងនានា និងនាំគ្នាដើរដង្ហែគ្នាតាមផ្លូវ។

គួរបញ្ជាក់ថា ដោយសារតែត្រូវបន្តជាប់គាំងក្រោមវិធានការកូវីដយ៉ាងតឹងតែងកំហឹងរបស់ប្រជាពលចិនក៏ចាប់ឆាបឆេះឡើងក្រោមហេតុផលសំខាន់ៗដូចជា ពួកគេមិនអាចទទួលបានការថែទាំផ្នែកវេជ្ជសាស្រ្តបានភ្លាមៗ ឬធានាបាននូវការផ្គត់ផ្គង់ម្ហូបអាហារ និងការផ្គត់ផ្គង់ផ្សេងៗទៀតគ្រប់គ្រាន់ ឬត្រូវបាត់បង់ការងារ និងប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
China’s Covid cases hit record as dissent grows over tough restrictions
Despite lockdown, China records highest-ever number of daily Covid cases

ads banner