មនុស្ស ១០នាក់ស្លាប់ និង ៩នាក់ រងរបួសក្នុងហេតុការណ៍ភ្លើងឆេះផ្ទះល្វែង នៅស៊ីនជាំង

ភ្នំពេញ៖ អគ្គិភ័យនៅក្នុងអគារផ្ទះល្វែងមួយកន្លែងស្ថិតនៅតំបន់ស៊ីនជាំង ភាគពាយ័ព្យប្រទេសចិន បានសម្លាប់មនុស្ស ១០នាក់ និងបណ្តាលឱ្យមនុស្ស ៩នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរចិន នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះ។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួ (Xinhua) បានរាយការណ៍ថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះពីអគារជាន់ខ្ពស់មួយ ក្នុងក្រុងអ៊ុយរ៉ូមឈី (Urumqi) កាលពីយប់ថ្ងៃព្រហស្បតិ៍ (វេលាម៉ោងប្រមាណ ៦ និង៥០នាទីយប់ នៅខ្មែរ)។ ក្រុមអ្នកពន្លត់អគ្គិសភ័យ ត្រូវប្រើពេលប្រមាណ ៣ម៉ោង ទើបអាចពន្លត់ភ្លើងបាន។

ស៊ីនហួ បានរាយការណ៍ថា៖ «មនុស្ស ១០នាក់បានស្លាប់ ទោះបីជាទទួលបានការព្យាបាលបន្ទាន់ក៏ដោយ»។ បើតាមសេចក្តីរាយការណ៍របស់ស៊ីនហួដដែល មនុស្ស ៩នាក់ផ្សេងទៀតដែលរងរបួសពីគ្រោះអគ្គិភ័យ មិនរងគ្រោះថ្នាក់គំរាមកំហែងដល់អាយុជីវិតឡើយ ហើយការស៊ើបអង្កេតពីមូលហេតុដែលនាំឲ្យមានភ្លើងឆេះ បានចាប់ផ្តើមដែរហើយ។ គួរជ្រាបថា សោកនាដកម្មខាងលើនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្ស ៣៨នាក់បានស្លាប់នៅក្នុងគ្រោះអគ្គីភ័យ ឯក្រុមហ៊ុនពាណិជ្ជកម្មឧស្សាហកម្មមួយ ស្ថិតនៅកណ្តាលប្រទេសចិន។ អគ្គិសភ័យកាលណោះ បណ្តាលមកពីផ្កាភ្លើងដែលឆាបឆេះក្រណាត់កប្បាស។

មនុស្ស ៤ នាក់ត្រូវបានឃុំខ្លួនជុំវិញអគ្គិភ័យនៅក្នុងទីក្រុងអេនីយ៉ង (Anyang) ហើយអាជ្ញាធរក្នុងតំបន់បានបញ្ជាឱ្យត្រួតពិនិត្យផ្នែកសុវត្ថិភាព។ គួរបញ្ជាក់ជូនដែរថា ហេដ្ឋារចនាសម្ព័ន្ធចាស់ៗ ការយល់ដឹងអំពីសុវត្ថិភាពនៅមានកម្រិត និងអំពើពុករលួយក្នុងជួរមន្ត្រីរដ្ឋាភិបាលក្នុងករណីមួយចំនួន បាននាំឱ្យគ្រោះអគ្គីភ័យនៅចិនកើតឡើងជាបន្តបន្ទាប់នាពេលថ្មីៗនេះ។

បន្ថែមលើនេះ ការដួលរលំអគារជាបន្តបន្ទាប់នៅជុំវិញប្រទេសចិន ការបន្តប្រឈមមុខនឹងការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដថ្មីដែលជំរុញឱ្យមានវិធានការបិទខ្ទប់ និងការរឹតបន្តឹងការធ្វើដំណើរដ៏តឹងតែង បានធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅក្នុងប្រទេសចិន៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Ten dead, nine injured in apartment fire in China’s Xinjiang: State media

ads banner