ប្រទេសថៃពង្រីកសេវាអ៊ីនធឺណិតឥតគិតថ្លៃដល់ភូមិប្រមាណ ៧៥,០០០ ក្នុងគោលបំណងសម្រាប់សេដ្ឋកិច្ចឌីជីថល ៣០%
បាងកក៖ ប្រទេសថៃកំពុងផ្តល់អ៊ីនធឺណិតឥតគិតថ្លៃដល់ភូមិទាំងអស់ ដើម្បីជំរុញដំណើរការពង្រីកសេដ្ឋកិច្ចឌីជីថលរបស់ខ្លួនពី ១២% នៃ GDP បច្ចុប្បន្នដល់ ៣០% នៅឆ្នាំ ២០២៧ខាងមុខនេះ។
ផែនការពង្រីកនេះត្រូវបានបង្ហាញដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមឌីជីថលជាតិ (NESDC) កាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃផែនការមេ ២០១៨-២០៣៧ របស់ខ្លួន។អគ្គលេខាធិការ NDESC លោក Putchapong Nodthaisong បាននិយាយថា ដំណាក់កាលពីរនៃផែនការ ឥឡូវនេះ កំពុងត្រូវបានអនុវត្តដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ។
លោក បានគូសបញ្ជាក់ពីគម្រោង “Village Broadband Internet” (Net Pracharat) ដើម្បីផ្តល់អ៊ិនធឺណិត Broadband ដោយឥតគិតថ្លៃទូទាំងជនបទ នៃប្រទេសថៃ។ លោកបាននិយាយថា ភូមិសរុបចំនួន ៧៤៩៨៧ ដែលមានប្រជាជនចំនួន ១០.៤៨ លាននាក់ត្រូវបានភ្ជាប់ទៅអ៊ីនធឺណិតដោយឥតគិតថ្លៃ រហូតមកដល់ពេលនេះ។
លោក បានបន្ថែមថា ដំណាក់កាលទីបី (២០២៣-២០២៧) នឹងផ្តោតលើការបំប្លែងការប្រើប្រាស់អ៊ីនធឺណិតទៅជាសកម្មភាពសេដ្ឋកិច្ច ដើម្បីជំរុញប្រាក់ចំណូលឌីជីថលដល់ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត