ពន្ធដារកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ នឹងជួយសម្រួលកាន់តែច្រើនដល់អ្នកបង់ពន្ធ
ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល ថ្លែងថា ការកែតម្រូវលិខិតប្រកាសពន្ធ តាមប្រព័ន្ធអនឡាញ នឹងជួយសម្រួលកាន់តែច្រើនដល់សហគ្រាសជាប់ពន្ធ។ សហគ្រាសងាយស្រួលក្នុងការគណនា ដោយស្វ័យប្រវត្តិ នូវទឹកប្រាក់លម្អៀងត្រូវបង់ ហើយអ្នកជាប់ពន្ធ អាចតាមដានស្ថានភាព នៃការស្នើសុំ ដោយមិនចាំបាច់ មកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីតាមដាននោះទេ។ សេចក្តីព្រាង នៃការកែតម្រូវលិខិតប្រកាសពន្ធនេះ នឹងដាក់ឱ្យអនុវត្តសម្រាប់អង្គភាពគ្រប់គ្រងអ្នកជាប់ពន្ធ ដើម្បីកែតម្រូវលិខិតប្រកាសនេះ ប្រកបដោយប្រសិទ្ធភាព អាចគ្រប់គ្រងបាន និងធានាបាននូវការប្រមូលចំណូលពន្ធប្រកបដោយចីរភាព។ អគ្គនាយកពន្ធដារ រំពឹងទុកថា ចំណូលពន្ធសម្រាប់ឆ្នាំ២០២២ អាចនឹងសម្រេចបានក្នុងរង្វង់១១៥% ឬលើសពីនេះ ធៀបនឹងផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ យន្តការ Cross Check បានរកឃើញនិងបានចាត់វិធានការ ពន្ធដារជាបន្តបន្ទាប់ ចំពោះសហគ្រាសមួយចំនួន ដែលបានកាត់កងឥណទានអាករលើតម្លៃបន្ថែមមិនបានត្រឹមត្រូវ ហើយ E-Tax Service បានផ្តល់សេវាគាំទ្រ និងជួយដោះស្រាយរាល់បញ្ហាប្រឈម ក្នុងការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធី នានាតាមប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ៕




