ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញថវិកាសន្សំ ៣០លានដុល្លារបន្ថែម ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកាសន្សំ ៣០លានដុល្លារបន្ថែម ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីធ្វើយ៉ាងណាបោសសម្អាតគ្រាប់មីនឲ្យអស់ពីកម្ពុជាក្នុងឆ្នាំ២០២៥ ខាងមុខ នេះ ខណៈថវិកាដែលបានមកពីព្រះរាជអំណោយព្រះមហាក្សត្រ និងហ្លួងម៉ែ និងសប្បុរសជននានា ជួយក្នុងការបោសសម្អាតគ្រាប់មីន មកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានចំណាយអស់ហើយក្នុង ចំនួនទឹកប្រាក់ ជាង ១៨លានដុល្លារអាមេរិក។ នេះបើយោងតាមទំព័រ Facebook ផ្លូវការសម្តេច នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ។

សម្ដេចតេជោ បានលើកឡើងតាមទំព័រហ្វេសប៊ុកថា ដើម្បីធានាឆ្នាំ២០២៥ កម្ពុជា និងអស់គ្រាប់មីន, ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ឋ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន ៣០លានដុល្លារភ្លាម ដាក់ទៅជាមូលនិធិ បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ គ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ថវិកានេះ រួមជាមួយថវិកាពីដៃគូរអភិវឌ្ឍន៍អាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣ ក្នុងករណីខ្វះ និង សម្រាប់ឆ្នាំ២០២៤ និង២០២៥ អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឱ្យឆ្នាំ២០២៥ កម្ពុជាគ្មានមីន ការផ្តល់ដីដោយ សុវត្តិភាព និង ដោយ ស្នាមញញឹម សម្ដេចសូមអំពាវនាវសប្បុរសជន មេត្តា បន្តចូលរួម ឧបត្ថម្ភ ទៅតាមលទ្ធភាព។ សូមឲ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹម បន្ទាប់ពី រងគ្រោះដោយ គ្រាប់មីនរយ:ពេល៥៥ឆ្នាំ (១៩៧០.២០២៥)៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner