រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើអាជ្ញាធរឆ្លើយតបឱ្យបាន រហ័ស ចំពោះករណីជនបង្កបើកបររថយន្តបុកមួយគ្រួសារ នៅលេីស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើអាជ្ញាធរឆ្លើយតបឱ្យបានរហ័ស ចំពោះករណីជនបង្កបើកបរទាំងស្រវឹងលើសល្បឿនកំណត់ បុកមួយគ្រួសារ ដែលមានកូនតូច រួចហេីយព្យាយាមរត់គេចនៅលេីស្ពានជ្រោយចង្វារ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះសារដូច្នេះ ក្រោយពេលបុគ្គលល្បីៗជាច្រើន បានចែករំលែកពីករណីគ្រោះថ្នាក់ចររាណ៍នេះ ដោយចាត់ទុកជារឿង អយុត្តិធម៌ក្នុងសង្គម។

ប្ដីប្រពន្ធព្រមទាំងកូនតូចមួយសង្ស័យប្រហែលទើបតែចេញពីមន្ទីរពេទ្យ ហើយបានធ្វើដំណើរកាត់តាមបណ្តោយស្ពានជ្រោយចង្វារ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង បើកស្របទិសគ្នា ជាមួយនឹងម៉ូតូកាត់តាមស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចមកកើត ខណៈពេលមកដល់ចំណុចនឹងចុងគល់ស្ពានជ្រោយចង្វារ ត្រូវបានរថយន្តបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យម៉ូតូ និងមនុស្សមានឪពុកម្តាយ និងកូនផ្លោងមកជាមួយគ្នាប្រហែលជាង ១០០ម៉ែត្រ។ បន្ទាប់ពីបេីកបុករួចហើយ ក៏បានព្យាយាមបេីករថយន្តរត់គេចតាមបណ្តោយផ្លូវកែវចិន្តា តែត្រូវសមត្ថកិច្ចតាមឃាត់បានបញ្ចូនខ្លួន អ្នកបេីកបរមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ។

សូមជម្រាប់ថា បើយោងតាមលោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ បានឱ្យដឹងថា កូនតូចមិនទាន់ដឹងខ្លួននៅឡើយនោះទេ ខណៈករណីនេះ ត្រូវបានបញ្ចប់ដោយសំណង ២៥០០ដុល្លារ ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner