រុស្ស៊ីថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា INF នឹងបង្កហានិភ័យសន្តិសុខបន្ថែមទៀត
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាហាមឃាត់មីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យម គឺជាទង្វើបំផ្លិចបំផ្លាញ ដែលបានបង្កើតភាពខ្វះចន្លោះ និងបង្កហានិភ័យសន្តិសុខបន្ថែមទៀត។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) នៅក្នុងខែសីហា ឆ្នាំ២០១៩ គឺជាការបំផ្លិចបំផ្លាញ។
លោកស្រីបាននិយាយយ៉ាយដូច្នេះថា សន្ធិសញ្ញា INF មានអាយុកាលមិនកំណត់ ហើយអាចផ្តល់នូវការអត់ធ្មត់ដែលអាចព្យាករណ៍បាន នៅក្នុងវិស័យមីស៊ីលសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ។
ការលើកឡើងខាងលើនេះរបស់លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា ត្រូវបានធ្វើឡើងក្នុងឱកាសខួបលើកទី៣៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញា INF ដោយអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan និងអគ្គលេខាធិការសហភាពសូវៀត លោក Mikhail Gorbachev ក្នុងឆ្នាំ១៩៨៧៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា