វិមានក្រឹមឡាំង ៖ ស៊ុយអែត និងដាណឺម៉ាកច្រានចោលការធ្វើការជាមួយរុស្ស៊ី ដើម្បីស៊ើបអង្កេតហេតុការណ៍ផ្ទុះបំពង់ឧស្ម័ន Nord Stream

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានលើកឡើងថា ស៊ុយអែត និងដាណឺម៉ាកបានបដិសេធមិនដាក់បញ្ចូលអាជ្ញាធររុស្ស៊ី ទៅក្នុងការស៊ើបអង្កេតរបស់ពួកគេ ពាក់ព័ន្ធនឹងការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream ចំនួនពីរនៅក្រោមសមុទ្របាល់ទិក។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា ប្រទេសដាណឺម៉ាក និងស៊ុយអែតភ័យខ្លាចក្នុងការអនុញ្ញាតឱ្យរុស្ស៊ីចូលរួមក្នុងការស៊ើបអង្កេតនេះ ពីព្រោះពេលនោះ ពិភពលោកនឹងដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែក។ រដ្ឋាភិបាលអឺរ៉ុប បានសង្ស័យថា ការលេចធ្លាយបំពង់បង្ហូរឧស្ម័ន ដែលធ្លាប់បញ្ជូនឧស្ម័នដោយផ្ទាល់ពីរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ គឺបណ្តាលមកពីការបំផ្លិចបំផ្លាញដោយចេតនា។

សូមរម្លឹកថា បន្ទាប់ពីមានហេតុការណ៍ផ្ទុះបំពង់ឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅក្រោមបាតសមុទ្របាល់ទិក ដែលផ្គត់ផ្គង់ឧស្ម័នចេញពីរុស្ស៉ីឆ្ពោះទៅកាន់ អាល្លឺម៉ង់កាលពីខែកញ្ញាកន្លងទៅ ក្រុមមន្ត្រីអឺរ៉ុប និងណាតូបានយល់ស្របដូចគ្នាថា ការផ្ទុះនេះជាទង្វើបំផ្លិចបំផ្លាញដោយចេតនា ពោលគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ។
ការផ្ទុះដែលធ្វើឱ្យលេចធ្លាយឧស្ម័ននេះបានកើតឡើងនៅក្បែរកោះ ប៊នហូម របស់ដាណឺម៉ាក នៅក្នុងតំបន់សមុទ្របាល់ទិក ៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner