រដ្ឋមន្ត្រីក្រសួងការងារ ចែករំលែកបទពិសោធន៍ លើការគ្រប់គ្រងវិស័យការងារ កម្ពុជា ដល់បណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិក
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អុិត សំហេង បាន លើកឡើងថា ក្នុងការគ្រប់គ្រងវិស័យ ការងារ កម្ពុជាបានបន្តខិតខំអនុវត្តច្បាប់ស្តីពីការងារ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ហើយបានបញ្ជូលនូវខ្លឹមសារអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង ១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពារសិទ្ធិ និងអត្ថប្រ យោជន៍ ទាំងភាគីកម្មករនិយោជិត និងនិយោជក។

ឯកឧត្តមបាន លើកឡើងដូចនេះ ក្នុង ជំនួបជាមួយនឹង លោក Alan Symonette ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិ (National Academy for Arbitrators) កាល ពីសប្តាហ៍ មុននេះ នាទីស្តីការក្រសួងការងារ។
ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ឱ្យដឹងថា លោក Alan Symonette ដឹកនាំគណៈប្រតិភូចូលជួប ឯកឧត្តម អុិត សំហេង នាឱកាសនោះ ក្នុងគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារ ជាពិសេសយន្តការក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា។
ឯកឧត្តមថា យន្តការដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងចំណុចសំខាន់ៗមួយចំនួនដូចជា ការបញ្ចូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ការពង្រីកសេវាកម្មនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីដោះស្រាយវិវាទ ការ ពិនិត្យលើលទ្ធភាពក្នុងការកសាង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូ រវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
នាពេលនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏ បានចែករំលែកព័ត៌មានពីការវិវត្តន៍ និងការរីកចំរើនវិស័យការងារនៅកម្ពុជា ដែលបានចាប់ផ្តើមឡើង តាំងពីដំណាក់ដែលប្រទេសកម្ពុជាទើបទទួលបានការរីកចម្រើនជាបណ្តើរៗនូវវិស័យឧស្សាហកម្ម បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយផ្សាភ្ជាប់បទដ្ឋានការងារអន្តរជាតិជាមួយសហរដ្ឋអាមេរិក។
ឯកឧត្តម អុិត សំហេង មានប្រសាសន៍ថា ៖ «ក្នុងការគ្រប់គ្រងវិស័យការងារ កម្ពុជាបានបន្តខិតខំអនុវត្តច្បាប់ស្តីពីការងារ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ហើយបានបញ្ជូលនូវខ្លឹមសារអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង ១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ក្នុងនោះមានទាំងអនុសញ្ញាស្នូល៨ ផងដែរ ដោយនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងភាគីកម្មករនិយោជិត និងនិយោ ជក» ។
កាលពីការចាប់ផ្តើមដំបូង កម្ពុជាពិតជាជួបនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងន់ ដោយសារបញ្ហា ការមិនយល់ពីច្បាប់ស្តីពីការងារ នាំឱ្យទំនាក់ទំនងវិជ្ជាជីវៈ មានការប្រឈម បង្កទៅជាកូដកម្ម បាតុកម្មតវ៉ាទាមទារ សិទ្ធិ និងអត្ថប្រយោ ជន៍ មានចំនួនច្រើននៅតាមរោងចក្រ សហគ្រាស។ នេះបើតាមការ លើកឡើងពី លោក អុិត សំហេង។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ប៉ុន្តែតាមរយ: ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងការដាក់ចេញនូវច្បាប់ និងលិ ខិ តបទដ្ឋានថ្មីៗ ការរៀបចំឱ្យមានយន្តការសន្ទនាសង្គមជាលក្ខណៈត្រីភាគីជាយន្តការរួម ទាំងការពង្រឹងសមត្ថភាពម ន្រ្តីអធិការកិច្ចការងារ និងមន្រ្តីផ្សះផ្សារវិវាទការងារ ធ្វើ ឱ្យចំនួននៃវិវាទការងារកាន់តែបន្តធ្លាក់ចុះ ហើយចំនួននៃការធ្វើកូដកម្ម បាតុកម្មតវ៉ាក៏ធ្លាក់យ៉ាងខ្លាំងដែរ»។
សូមរំឮកដែរថា នៅឆ្នាំ២០០៤ ក្រសួងបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តា ល ដែលជាស្ថាប័នឯករាជ្យក្នុងការដោះស្រាយវិវាទការងារប្រកបដោយតម្លាភាពផងដែរ។
បើតាមការ លើកឡើង របស់ឯកឧត្តម អុិត សំហេង ដើម្បីបន្តការងារដោះស្រាយវិវាទកាន់មានវិសាលភាពធំទូ លាយថែមទៀត ក្រសួងក៏បានស្នើសុំធ្វើវិសោធន៏កម្មច្បាប់ស្តីពីការងាររួចហើយ ដែលអនុញ្ញាតិឱ្យ ក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចដោះស្រាយវិវាទការងារបុគ្គលបាន។
បន្ទាប់ ពី ស្តាប់ ការ លើកឡើងពីការចែករំលែកបទពិសោធន៍ លើវិស័ការងារ របស់ រដ្ឋមន្រ្តីការងារ កម្ពុជារូបនេះរួច គណៈប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិកម្ពុជា ដែលធ្វើឱ្យមានការផ្លាស់ប្តូរគួរជាទីមោទន:។
លោក Alan Symonette ក៏ បានថ្លែងអំណរគុណដល់លោក អិុត សំហេង ដែលបានចែករំលែកនូវព័ត៌មានល្អៗ ក៏ដូចជាបទពិសោធន៍របស់កម្ពុជាទៅលើការគ្រប់គ្រងវិស័យការងារ។
នាឱកាសនោះលោក ក៏បានចែងរំលែកពីបទពិសោធន៍ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមវិវត្តន៍រីកចំរើន ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៤០ ដែលបច្ចុប្បន្ន មានសមាជិកប្រមាណ ៦០០ នាក់ ហើយដែលទទួលស្គាល់ថាជាស្ថាប័នឯករាជ្យមួយដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលារ នៅសហរដ្ឋអាមេរិក និងកាដាណា ដែលទទួលការជឿទុកចិត្តពីភាគីកម្មករនិយោជិត និងនិយោជក។
លោក Alan Symonette បានលើកឡើង ពីកត្តាជោគជ័យ ផ្តើមចេញពីការជឿទុកចិត្តពីភាគីពាក់ព័ន្ធទាំងអស់ទៅលើប្រសិទ្ធភាព និងតម្លាភាពនៃស្ថាប័នរបស់លោក។
ជាមួយគ្នានោះដ លោកក៏បានសន្យាថានឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ហើយក៏នឹងសិក្សាលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិការងារផងដែរ ដោយសារបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក មានសាស្រ្តាចារ្យមានបទពិសោធន៍ខ្ពស់ដែលអាចចែករំលែកនូវចំណេះដឹងលើច្រើនមុខវិជ្ជា៕ ដោយ៖ នាង សុគន្ធា