នាយករដ្ឋមន្ត្រីតៃវ៉ាន់ថ្កោលទោសចិនជុំវិញការហាមឃាត់ទំនិញពីកោះតៃវ៉ាន់
តៃវ៉ាន់៖ នាយករដ្ឋមន្ត្រីតៃវ៉ាន់បានចោទប្រកាន់ប្រទេសចិន ពីបទ បំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងបានរើសអើងលើកោះនេះ បន្ទាប់ពីចិនបានហាមឃាត់ការនាំចូលទំនិញពីកោះតៃវ៉ាន់កាន់តែច្រើនឡើងៗ។ យោងតាមក្រសួងហិរញ្ញវត្ថុរបស់តៃវ៉ាន់ អាជ្ញាធរគយចិនបានផ្អាកការនាំចូលភេសជ្ជៈដែលមានជាតិអាល់កុលមួយចំនួនកាលពីថ្ងៃសុក្រ។
ការបញ្ឈប់ការនាំចូលនេះមានការទាក់ទងទៅនឹងបទប្បញ្ញត្តិដែលទីក្រុងប៉េកាំងបានដាក់ចេញកាលពីថ្ងៃទី ១ ខែមករាដែល តម្រូវឱ្យអ្នកនាំចេញអាហារនិងភេសជ្ជៈទាំងអស់ទៅកាន់ប្រទេសចិន ត្រូវតែចុះបញ្ជីជាមួយគយចិនជាមុនសិន។ ដោយឡែក ក្រុមហ៊ុនតៃវ៉ាន់មួយចំនួននៅតែស្ថិតក្រោមការត្រួតពិនិត្យនៅឡើយ ពោលគឺមិនទាន់បានចុះបញ្ជីជាមួយគយចិនបាន សម្រេចនៅឡើយទេ។
នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Su Tseng-chang បានចោទ ប្រកាន់ទីក្រុងប៉េកាំងថាបានរំលោភលើបទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោក ឬហៅកាត់ថា WTO តាមរយៈការបង្កើត ច្បាប់ដោយខ្លួនឯង និងជ្រៀតជ្រែកក្នុងសកម្មភាពពាណិជ្ជកម្ម ដោយប្រើប្រាស់មធ្យោបាយរដ្ឋបាលរបស់ខ្លួន។
លោកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ៖ «ប្រទេស ចិនមានភាពតឹងរ៉ឹងខ្លាំងណាស់ ជាពិសេសជាមួយ តៃវ៉ាន់ ដោយបានរើសអើងប្រឆាំងនឹងតៃវ៉ាន់…។ ពួកគេបាន ស្នើឱ្យតៃវ៉ាន់ធ្វើបែបនេះ ធ្វើបែបនោះតាមអំពើចិត្ត»។ លោកបានបន្ថែមថា តៃវ៉ាន់គ្រោងនឹងរៀបចំដាក់ពាក្យបណ្ដឹង ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជួយស្រោចស្រង់ ដល់អាជីវកម្មដែលរងផលប៉ះពាល់ពីទង្វើរបស់ចិន។
គួរដឹងផងដែរថា ទីក្រុងប៉េកាំងតែងតែអះអាងថា កោះតៃវ៉ាន់ ដែល គ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ ជាផ្នែក មួយនៃទឹកដីរបស់ខ្លួន ហើយបានសន្យាថានឹងបង្រួបបង្រួម ដែនកោះមួយនេះនៅថ្ងៃណាមួយនាពេលខាងមុខដោយអាចនឹងប្រើប្រាស់កងកម្លាំងទៀតផង ប្រសិនបើកាលៈទេសៈតម្រូវ។
ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ ២០១៦ ហើយលោកស្រី Tsai Ing-wen បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីតៃវ៉ាន់ ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា ការទូត និង សេដ្ឋកិច្ចទៅលើកោះមួយនេះខ្លាំងឡើងៗ ដោយចាប់ផ្ដើម ហាមឃាត់ការនាំចូលផលិតផលផ្សេងៗពីកោះនេះ ខណៈដែលទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែយ៉ាប់យ៉ឺន។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បាន បង្ហោះសារនៅក្នុងបណ្ដាញសង្គម Twitter កាលពីថ្ងៃ អាទិត្យថា «ឮថាចិនកំពុងហាមឃាត់ការនាំចូលផលិតផល មួយចំនួនពីតៃវ៉ាន់ទៀតហើយ រួមទាំងស្រាបៀររបស់យើង ផងដែរ។ ពិតណាស់ វាជាការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ប៉ុន្តែពួកគេមិនដឹងថាអ្វីដែលពួកគេកំពុងបាត់បង់នោះគឺ រសជាតិដ៏អស្ចារ្យនៃសេរីភាព»។
គួររម្លឹកផងដែរថា ដើម្បីជាការឆ្លើយតបចំពោះដំណើរ ទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីខែសីហា ចិនបានហាម ឃាត់បន្ថែមទៀតលើការនាំចូលផ្លែឈើ និងត្រីមួយចំនួនពី តៃវ៉ាន់។ មិនត្រឹមតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចរបស់ប្រធាន សភាអាមេរិកបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង និងបានប៉ះទង្គិចគ្នាផ្នែកសមយុទ្ធយោធាជាមួយតៃវ៉ាន់ទៀតផង។
កាលពីមួយឆ្នាំមុន ការនាំចូលម្នាស់ពីកោះតៃវ៉ាន់ត្រូវបាន ហាម ឃាត់បន្ទាប់ពីអាជ្ញាធរចិនបានអះអាងថា ពួកគេបានរកឃើញ សត្វល្អិតអំឡុងពេលត្រួតពិនិត្យការដឹកជញ្ជូន ដែលកាលនោះ គឺចំពេលរដូវប្រមូលផលប្រចាំឆ្នាំកំពុងដំណើរការនៅកោះតៃវ៉ាន់។
មន្ត្រីតៃវ៉ាន់បានលើកឡើងថា ពាក្យសុំចុះបញ្ជីប្រមាណជា ២៤០០ ពីបណ្ដាក្រុមហ៊ុនស្បៀងអាហារ កែច្នៃចំណីអាហារ នេសាទ និងគ្រឿងស្រវឹង មិនទទួលបានជោគជ័យនោះទេ។ ពាក្យសុំប្រហែលជា ៦០០ នឹងត្រូវបានដាក់ស្នើឡើងវិញ ម្ដងទៀត ។រីឯពាក្យសុំក្រៅពីនេះត្រូវបានគេរំពឹងថានឹង ត្រូវបានបដិសេធចោល។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កោះតៃវ៉ាន់បានរាយការណ៍ថា ផលិតផលស្រាបៀរ និងផលិតផលចម្រាញ់ចំនួន ១១ ប្រភេទ ក្នុងចំណោម ២៨ ប្រភេទដែលបានចុះបញ្ជីដោយក្រុមហ៊ុន នាំចេញតៃវ៉ាន់ ត្រូវបានផ្អាកចាប់ពីថ្ងៃសុក្រ។ នេះបើយោង តាមការលើកឡើងរបស់មន្ត្រីគយចិន។ លើសពីនេះ ក្រុមហ៊ុនដែលរងផលប៉ះពាល់គឺក្រុមហ៊ុនថ្នាំជក់ និងស្រាតៃវ៉ាន់ ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការនាំចេញភេសជ្ជៈ ចំនួន ១២៣ មុខក្នុងចំណោម ៣៥៤ មុខផ្សេងទៀត ក៏ត្រូវ បានបញ្ឈប់ រួមទាំងទំនិញពីក្រុមហ៊ុនអាហារយក្ស តៃវ៉ាន់មួយ ឈ្មោះថា Uni-President Enterprises ផងដែរ។
ទិន្នន័យផ្លូវការបានបង្ហាញថា កាលពីឆ្នាំមុន តៃវ៉ាន់បានលក់ ភេសជ្ជៈទៅកាន់ប្រទេសចិនដោយគិតជាទំហំទឹកប្រាក់ប្រមាណ ២៥០ លានដុល្លារអាមេរិក និងផលិតផលគ្រឿងស្រវឹង ចំនួន ៤៣,៤ លានដុល្លារអាមេរិក៕
ដោយ៖ធា សុខណា