ឯកឧត្តម អ៊ាង សុផល្លែត ៖ គប្បីជំរុញលើកទឹកចិត្តបន្ថែមលើវិស័យឯកជន សិស្សនិស្សិតដែលកំពុងមានភាពនវានុវត្ត នាំគ្នាកែច្នៃកាកសំណល់ប្លាស្ទិក ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
ភ្នំពេញ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តបន្ថែមលើវិស័យឯកជន ក៏ដូចជា សិស្ស និស្សិតដែលកំពុងមានភាពនវានុវត្ត ចូលរួមកែច្នៃកាកសំណល់ប្លាស្ទិក ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ។ នេះជាការលើកឡើងក្នុងឱកាសចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយស្តីពី «ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ។
ក្នុងនាម តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា សិក្ខាសាលានេះគឺជាការបោះជំហានថ្មីបន្ថែមទៀត ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំគោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ លើការកាត់បន្ថយការប្រើប្រាស់ ផលិតផលប្លាស្ទិក និង ការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក ឱ្យស្របតាមគោលនយោបាយការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០ ក៏ដូចជា គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ផងដែរ។
ឯកឧត្តម អ៊ាង សុផល្លែត បញ្ជាក់បន្ថែមថា ការរីកចម្រើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងតម្រូវការជាក់ស្តែង បានធ្វើឱ្យមានការប្រើប្រាស់ ផលិតផលប្លាស្ទិកកើនឡើង ជាពិសេសការប្រើប្រាស់ប្លាស្ទិកដែលប្រើតែមួយដង ដោយសារតែភាពងាយស្រួលរកបាន ភាពបត់បែន និងមានតម្លៃថោក ប៉ុន្តែប្លាស្ទិកទំាងអស់នេះបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខុមាលភាព បរិស្ថាន និងសង្គម ។
វិធានការគោលនយោបាយស្តីពី «ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី» គឺជាផ្នែកមួយនៃការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងកិច្ចគាំពារបរិស្ថាន ដោយអនុលោមតាមការចង្អុលបង្ហាញរបស់ គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣ ដែលមានចក្ខុវិស័យ «រួមចំណែកធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា កាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងសោភ័ណភាព សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិឌ្ឍសេដ្ឋកិច្ចដ៏ឆាប់ រហ័ស» និងអនុវត្តគោលការណ៍សកល ៣អ៊ែ (3Rs) រួមមាន ការកាត់បន្ថយការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ ៕ ដោយ / គ្រី សម្បត្តិ