សម្ដេចតេជោ ហ៊ុន សែន រំលឹកពីថ្ងៃកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពេលជាប់បំពេញការងារនៅក្រៅប្រទេស
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីថ្ងៃកំណើតរបស់ភរិយា គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពេលដែលសម្ដេច ជាប់បំពេញការងារនៅក្រៅប្រទេស ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដូចនេះ តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ។
សម្ដេចតេជោ បានបង្ហោះរូបភាព ភ្ជាប់ដោយសារលើទំព័រហ្វេសប៊ុកដូច្នេះថា ៖ ប្រពន្ធសម្លាញ់ ថ្ងៃ១៥ធ្នូនេះ ជាថ្ងៃកំណើតអូន ក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស ។ សង្ឃឹមថា កូនៗ និងចៅៗ នឹងទៅបាយល្ងាចកំដរអូន ដែលក្នុងពេលម៉ោងនោះ បងកំពុងស្ថិតនៅលើអាកាស។
សម្ដេចបានបន្តថា សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើក៤៧ នៃថ្ងៃរៀបការរបស់យើង (៥ មករា ១៩៧៦.៥ មករា ២០២៣) ដែលពេលនោះ យើងនៅក្មេងៗ ដែលខុសជាមួយពេលនេះ យើងមានចៅរហូត ២២នាក់។ សូមជូនពរលោកយាយប្រពន្ធ ពីចម្ងាយ។
សូមរំលឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ ឈ្ពោះទៅទៅកាន់ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងបន្តបំពេញទស្សនកិច្ចការងារ នៅប្រទេសបារាំង ៕ ដោយ វណ្ណលុក


