ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត “ក្តីស្រមៃ និងក្តីសង្ឃឹម”៖ មានប្រាំមួយ ទីតាំងកម្សាន្តនិង ៤៤កម្មវិធី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានប្រកាសឱ្យរៀបចំនូវកម្មវីធីអង្គរសង្រ្កាន្តឡើងវិញ អាជ្ញាធរខេត្តសៀមរាប រួមនឹងសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការប្រជុំពិភាក្សាគ្នា សម្រេចរៀបចំឡើង រយៈពេលបួន ថ្ងៃ ក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្តម ហ៊ុន ម៉ានី បានជួបពិភាក្សាការងាររៀបចំអង្គរសង្ក្រាន្តជាមួយអាជ្ញាធរខេត្តនៃគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត ឆ្នាំ២០២៣, ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តសៀមរាប រួមនិង សមាជិក អនុគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្តខេត្តជាច្រើនរូបទៀត កាលពីថ្ងៃទី១៣ ខែធ្នូ កន្លងមកថ្មីៗនេះ។

យោងតាមសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឱ្យដឹងថា ស.ស.យ.ក. គ្រោងនឹងរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួបទី ១០ របស់អង្គរ សង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម‌» ដែលនាំ យកសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ មកសម្តែងនៅទឹកដីដ៏ពិសិដ្ឋនៃតំបន់ឧទ្យានអង្គរ។

ទន្ទឹមនឹងនោះ អង្គរសង្រ្កាន្ត ២០២៣ ក៏គ្រោងនឹងនាំយក កម្មវិធី រំលឹកអនុស្សាវរីយ៍សំខាន់ៗជាច្រើន រំលេចឡើងនូវខួប ១០ ឆ្នាំ របស់ ខ្លួនផងដែរ។ នាកិច្ចប្រជុំនោះដែរ ឯកឧត្តម ទៀ សីហា បានថ្លែងនាកិច្ច ប្រជុំថា អាជ្ញាធរខេត្តបានពិនិត្យទៅលើរាល់ គម្រោងផែន ការ នៃផែននីមួយៗក្នុងការរៀបចំពិធីបុណ្យអង្គរសង្រ្កាន្ត ព.ស២៥៦៦-២៥៦៧គ.ស ២០២៣ ដើម្បីឱ្យដំណើរការ ទៅទទួលដោយជោគជ័យ។

លោកថា ៖ «កិច្ចការទាំងនេះ យើងទទួលបានបទពិសោធន៍ ជាច្រើនឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយ ភាពរលូន និងទទួលបានជោគជ័យទៀតផង។ អង្គរសង្ក្រាន្ត នឹងរៀបចំឡើងវិញរយៈពេលបួនថ្ងៃនៃខែមេសា ឆ្នាំ២០២៣ ក៏នឹងមានប្រាំមួយទីតាំងកម្សាន្ត និង៤៤ កម្មវិធីផងដែរ»។

អភិបាលខេត្តសៀមរាប រូបនេះក៏បានបញ្ជាក់ដែរថា មន្ទីរ ស្ថាប័ន អង្គភាព និង វិស័យឯកជនត្រូវពង្រឹងលើបញ្ហា សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ បញ្ហា អនាម័យ បរិស្ថាន សំខាន់គឺបង្គន់អនាម័យ និងទីចំណតរថយន្ត គ្រប់ប្រភេទទៀតផងនៅតំបន់ប្រារព្ធពិធី។

នាឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងដែរថា ការប្រារព្ធធ្វើអង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប គឺជាប្រវត្តិសាស្ត្រមួយសម្រាប់យុវជន ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរបរទេសផងដែរ។ លោកថា ៖ «ការប្រារព្ធអង្គរសង្រ្កាន្តក្នុងឱកាសបុណ្យ ចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយពេលមានភាពធូរស្រាល នៃ ជំងឺកូវីដ១៩ ដែលប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានជំរុញ ឲ្យសហភាពសហព័ន្ធ យុវជនកម្ពុជារៀបចំធ្វើអង្គរសង្រ្កាន្ត សារជាថ្មី និង ស្របនឹងខួប១០ឆ្នាំនៃព្រឹត្តិការណ៍ អង្គរ សង្ក្រាន្ត»។

គោលបំណងនៃការរៀបចំពិធីនេះ គឺដើម្បីឱ្យមានការជួប ជុំ យុវជន និងមហាជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ដែលជាមហាគ្រួសារខ្មែរតែមួយ និងធ្វើឱ្យមាន ភាព រស់រវើក នៃសម្បត្តិបេតិកភណ្ឌអរូបិយខ្មែរយើង នៅលើទីតាំង បេតិកភណ្ឌរូបិយ។

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ៖ «ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនេះ ឲ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើមី្បរឹត នូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និងប្រជាជាតិ លើសកលលោក ដែលជាការផ្តល់ឱកាសឲ្យយុវជន ភ្ញៀវជាតិ អន្តរជាតិ ស្វែងយល់ពីភាពរុងរឿង លី្បល្បាញ ភាពសម្បូរ បែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និងបន្តថែរក្សា កេរ្តិ៍មរតក ឱ្យ បានគង់វង្ស និងបន្តពង្រីកកិត្យានុភាពជាតិលើឆាក អន្តរជាតិ ផងដែរ»។

បើតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងដែរថា ការរៀបចំ អង្គរសង្ក្រាន្តនៃឆ្នាំទី១០នេះ ក៏ជាការរំលឹកឡើងវិញនូវ ព្រឹត្តិការណ៍សំខាន់ៗ ដែលបានកំណត់ត្រាជាប្រវត្តិសាស្ត្រ ដែលទទួលស្គាល់ពីអន្តរជាតិ ទៅលើវិញ្ញាសារមួយចំនួនដូចជា អន្សមយក្ស ,ការរាំចង្វាក់ម៉ាឌីហ្សូន , ក្រមា ដែលវែងជាងគេ និងចាប៉ីដងវែងជាដើម។

រដ្ឋបាលខេត្តដដែលបានបញ្ជាក់ដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣នេះ មានប្រាំមួយទីតាំងកម្សាន្ត មាន៤៤ កម្មវិធី ដោយមានធ្វើការបង្ហាញ ពីផលិតផលរបស់ខ្មែរ ដែលមានរយៈ ពេលបួនថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយ ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោម អធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

សូមរំឮកថា ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ និងជនពិការលើកទី ១ សម្ដេចតេជោ ហ៊ុន សែន បាន ប្រកាសជាសាធារណៈថានឹងមានព្រឹត្តិការណ៍អង្គរសង្រ្កាន្តឡើងវិញនៅឆ្នាំ ២០២៣ខាងមុខ បន្ទាប់ពីខកខានរយៈពេលពីរ ឆ្នាំកន្លងមកដោយសារការរាលដាលនៃមេរោគកូវីដ១៩៕
ដោយ៖នាង សុគន្ធា

ads banner