ជប៉ុន និងកូរ៉េខាងត្បូងផ្ទុះការតវ៉ាប្រឆាំងនឹងការបាញ់សាកល្បងមីស៊ីលផ្លោងចុងក្រោយនេះ របស់កូរ៉េខាងជើង
សេអ៊ូល៖ ទាំងជប៉ុន និងកូរ៉េខាងត្បូងបានចេញមុខធ្វើការតវ៉ាក្នុងថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចំនួនពីរគ្រាប់ ឆ្ពោះទៅទិសខាងកើតក្បែរឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ស្ថិតក្នុងជួរដ៏មានសក្តានុពលរបស់ប្រទេសជប៉ុន។
ស្របពេលជាមួយគ្នានេះដែរ ទាំងជប៉ុន និងកូរ៉េខាងត្បូងបាននិយាយថា ការបាញ់សាកល្បងចុងក្រោយនេះ បានរំលោភបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ហើយធ្វើឱ្យសន្តិភាព និងសន្តិសុខក្នុងតំបន់ស្ថិតក្នុងហានិភ័យខ្ពស់។
បើតាមយោធាកូរ៉េខាងត្បូង និងជប៉ុន កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគសរុប២គ្រាប់ធ្លាក់ចូលក្នុងផ្ទៃសមុទ្រ នៅឯភាគខាងកើតឧបទ្វីបកូរ៉េ។ គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានឡើយ។
តួយ៉ាងកាលពីពាក់កណ្តាលខែវិច្ឆិកាមកនេះ កូរ៉េខាងជើងបានបាញ់តេស្តមីស៊ីលបាលិស្ទីគអន្តរទ្វីប ICMB ដែលជប៉ុនអះអាងថា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការហោះទៅដល់សហរដ្ឋអាមេរិក និងដែលបានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន គឺត្រឹម២០០គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេររបស់ប្រទេសជប៉ុន៕ ប្រភព៖ Global News និង AFP ដោយ៖ ទីណា និងបុត្រា

