សម្ដេចតេជោ ហ៊ុន សែន៖ ការទទួលបាននូវពានរង្វាន់នេះ គឺជាសក្ខីកម្មនៃភាពជោគជ័យ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការទទួលបាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្មនៃភាព ជោគជ័យដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈ ការអនុវត្ត “គោលនយោបាយឈ្នះ-ឈ្នះ»ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, សន្តិភាព និង ស្ថិរភាពនយោបាយ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) ស្ដីពី “ការបង្កើនទំនាក់ទំនអាស៊ាន-ចិន” នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។
ក្នុងឱកាសនេះ សម្ដេចតេជោ ពិតជារីករាយក្នុងការទទួលបានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ី ប៉ាស៊ីហ្វិក ដែលបានទទួលស្គាល់នូវស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្ដេច ក្នុងរយៈពេលជាង ៤ ទសវត្សរ៍កន្លងទៅនេះ ។
សម្ដេចបន្តថា ការទទួលបាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្មនៃភាព ជោគជ័យដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈ ការអនុវត្ត “គោលនយោបាយឈ្នះ-ឈ្នះ»ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, សន្តិភាព និង ស្ថិរភាពនយោបាយ ។
ការណ៍នេះ បានក្លាយជាចលករ និង ចន្ទល់ដ៏រឹងមាំ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានក្នុងអត្រា ៧ ភាគរយ ជាមធ្យមប្រចាំឆ្នាំ រហូតធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ និង កំពុងបោះជំហ៊ានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕ ដោយ វណ្ណលុក
