CAMSOC ជម្រុញអោយគណកម្មការជំនាញនីមួយៗ ត្រូវបន្តធ្វើការងាររបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត
ភ្នំពេញ៖ គណអចិន្រ្តៃយ៍ របស់គណៈកម្មាធិការជាតិ CAMSOC បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុប្រធាន អចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ CAMSOC ដើម្បីត្រួតពិនិត្យពីវឌ្ឍនភាពការងាររបស់គណកម្មការជំនាញទាំងអស់ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន មកធ្វើការសម្រួលរៀបចំឡើងវិញ។ កិច្ចប្រជុំខាងលើធ្វើនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្រោយបញ្ចប់កិច្ចប្រជុំឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ឯកឧត្តម ថោង ខុន បានស្តាប់នូវរបាយការណ៍របស់គណកម្មការជំនាញនីមួយៗ ដែលមានបញ្ហាប្រឈមសូមអោយដោះស្រាយបំភ្លឺ ចំពោះគណកម្មការជំនាញ ដែលមានការងារខ្លះមិនបានធ្វើ និងការងារខ្លះដែលធ្វើរួចហើយ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាស្រ្ត និងនែនាំចំនុចខ្វះខាត ដោយផ្តោតសំខាន់ លើកន្លែងស្នាក់នៅ ហូបចុក បដិសណ្ឋារកិច្ច និងលើទីលានប្រកួត សូមធ្វើអោយមានភាពជាក់លាក់ និងទាន់ពេលវេលា។ ឯកឧត្តមអគ្គលេខាធិការ បន្តថា នៅចុងខែធ្នូ ឆ្នាំ២០២២នេះ គណអចិន្រ្តៃយ៍ CAMSOC នឹងចុះត្រួតពិនិត្យរួម ជាមួយគណកម្មការជម្រុះ ពិនិត្យកន្លែងស្នាក់នៅហូបចុក វាយតម្លៃចុងក្រោយ ដើម្បីទទួលបាននូវភាពកក់ក្តៅ ជូនភ្ញៀវ និងប្រតិភូកីឡាចូលរួមប្រហែលជា៦ទៅ៧ពាន់នាក់។ ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន គ៏បានផ្តល់អនុសាស្រ្តនែនាំ អោយគណកម្មការជំនាញធ្វើការងារអោយបានម្មត់ចត់ ចាប់ពីខែមករាតទៅ ដោយធ្វើការរួមគ្នា នៅក្នុងមជ្ឍមណ្ឌលបញ្ជាការរួមមួយ នៅមរតកតេជោ (Games Operation Centre) គឺយើងត្រូវធ្វើគ្រប់ជំនាញទាំងអស់ គ្រប់គណកម្មការទាំងអស់ ចាប់ពីខែ១ ខែ២ ខែ៣តទៅ ដើម្បីសម្រួលដល់ការរៀបចំព្រឹត្តការណ៍ជាតិ ដែលយើងត្រូវតែរួមគ្នាធ្វើ និងមានពេលវេលាច្បាស់លាស់គ្រប់ផ្នែកទាំងអស់ ដោយមន្រ្តីថ្នាក់ដឹកនាំគណកម្មការជំនាញដែលជាប់ពាក់ព័ន្ធ ដែលកំពុងមប្រើការងារស្នូល នៅក្រសួង ស្ថាប័នទាំងអស់ ត្រូវដាក់លិខិតស្នើសុំការអនុញ្ញាតិមកបំពេញការងារ នៅក្នុង Camsoc អោយបានទៀងទាត់។
ឯកឧត្តម ថោង ខុន បានវាយតម្លៃខ្ពស់ ចំពោះគណកម្មការជំនាញនីមួយៗ គឺបានធ្វើការងារបានល្អ នឹងសម្រេចបាន៧០ទៅ៨០% គ្រាន់តែត្រូវបន្តធ្វើអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតប៉ុណ្ណោះ ដើម្បីអោយព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តនេះ អោយទទួលបានជោគជ័យប្រកបដោយមោទកភាពជាតិ៕ ចាន់ វិចិត្រ