កម្ពុជានៅសល់ផ្ទៃមានមីនប្រមាណ៦៧០គីឡូម៉ែត្រក្រឡា (Video Inside)
ផ្ទៃដីសេសសល់គ្រាប់មីនដែលនឹងត្រូវបោសសំអាតឱ្យអស់ក្នុងរយៈពេល៣ឆ្នាំទៅមុខទៀត នេះនៅមានទំហំ៦៧០គីឡូម៉ែត្រក្រឡា។ កម្ពុជាបានប្រឹងប្រែងរំដោះទឹកដីដែលបានប្រឈម នឹងឧបសគ្គគ្រាប់មីនតាំងពីទំហំ២ពាន់១៣៨គីឡូម៉ែត្រក្រឡាក្នុងឆ្នាំ១៩៩២ រហូតនៅសេសសល់តែប្រមាណ៦៧០គីឡូម៉ែត្រក្រឡាទៀតតែប៉ុណ្ណោះ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវ ទិសដៅបោសសំអាតគ្រាប់មីនឱ្យអស់នៅក្នុងឆ្នាំ២០២៥។ ថ្លែងក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ របស់អាជ្ញាធរមីននាថ្ងៃទី២០ ធ្នូ នៅខេត្តសៀមរាប, អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ទេសរដ្ឋមន្រ្តីលីធុជ បានថ្លែងប្តេជ្ញាថារហូតដល់ឆ្នាំ២០២៥ ទំហំផ្ទៃដីសេសសល់ប្រមាណ ៦៧០គីឡូម៉ែត្រក្រឡានេះ នឹងត្រូវដោះឱ្យអស់ដើម្បីសម្រេចតាមផែនការដាក់ចេញរបស់ សម្តេចតេជោ ហ៊ុន សែន។
កម្ពុជាក្នុងអតីតកាល ពលរដ្ឋដែលបានរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមាន ច្រើនរយនាក់ក្នុងមួយខែៗ។ ជនរងគ្រោះដោយសារគ្រាប់មីនដែលតួលេខមានចំនួន៤ពាន់ ៣២នាក់ក្នុងឆ្នាំ១៩៩៦ បានថយចុះមកនៅត្រឹម៦៥នាក់ក្នុងឆ្នាំ២០២០ និងកាន់តែថយចុះ ច្រើនមកទៀតក្នុងពេលបច្ចុប្បន្ន។
យោងតាមអាជ្ញាធរមីនកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ កម្ពុជាបានកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១លាន១៥ម៉ឺន១ពាន់២៣២គ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២ម៉ឺន៦ពាន់១១២គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃ ទៀតចំនួន ៣លាន២ម៉ឺន៨ពាន់៦៥៩ គ្រាប់។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីនដដែល មានប្រជាជនរងគ្រោះសារុបចំនួន៦ម៉ឺន៥ពាន់ និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់មាន ១ម៉ឺន ៩ពាន់៨១៨ នាក់។