ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវប្រវែងជាង ៤៣គីឡូម៉ែត្រ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ក្រោយពីបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា។ មួយខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ មួយខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ផ្លូវទាំងពីរខ្សែនេះ ត្រូវបានស្ថាបនាឡើងវិញទៅតាមលក្ខណៈបច្ចេកទេស និងបែងចែកជាពីរប្រភេទគឺ៖ ១). កំណាត់ផ្លូវប្រវែងជិត ២១គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ និង ២). កំណាត់ផ្លូវប្រវែងជាង ២២គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ម៉ែត្រ រួមទាំងការសាងសង់សំណង់សិល្បការ្យផ្សេងៗ រួមមានដូចជា សាងសង់ស្ពានថ្មី ០១កន្លែង និងពង្រីកស្ពានចាស់ ១៧កន្លែង និងដាក់លូគ្រប់ប្រភេទចំនួន ១៦១កន្លែង។
គម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុង ខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ការស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានចំណាយថវិកាសាងសង់ជាង ៧៦លានដុល្លារអាមេរិក ជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតតាមរយៈទំព័រ Facebook ផ្លូវការ ពីការអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែប្រវែងជាង ៤៣គីឡូម៉ែត្រ នៅព្រឹកស្អែក។
សម្តេចតេជោ បានបង្ហោះរូបថតជាមួយនឹងខ្លឹមសារដូច្នេះថា “ព្រឹកប្រជុំ និងធ្វើការងារនៅភ្នំពេញ បាយថ្ងៃត្រង់ហើយ ពេលរសៀលធ្វើដំណើរតាមផ្លូវល្បឿនលឿន មកមុជទឹកសមុទ្រ នៅក្រុងព្រះសីហនុ ដើម្បីស្អែកនេះចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែទៀត”៕ ដោយ ៖ វណ្ណលុក