រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលវឌ្ឍភាពនៃការផលិតពូជស្រូវ ដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករ
ខេត្តកំពង់ធំ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រុមការងារផលិតពូជស្រូវ នៃក្រសួងកសិកម្ម បានអញ្ជើញចុះទៅកាន់ខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីពិនិត្យមើលអំពីវឌ្ឍភាពនៃការផលិតពូជស្រូវដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករនារដូវដាំដុះខាងមុខ ។
នៅខេត្តកំពង់ធំ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពិនិត្យមើលការប្រមូលផលស្រូវ Japonica Rice នៅភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ហើយបានបន្តដំណើរទៅកាន់ក្រុមហ៊ុន BRM ដើម្បីពិនិត្យរោងម៉ាស៊ីនកិនស្រូវ និងឡសម្ងួតគ្រាប់ពូជ ក៏ដូចជាពិនិត្យតំបន់ដាំដុះស្រូវផលិតគ្រាប់ពូជរបស់ក្រុមហ៊ុន BRM ផងដែរ។
ដោយឡែកនៅខេត្តសៀមរាប ឯកឧត្តមរដ្ឋមន្តី បានចុះពិនិត្យទីតាំងបណ្ដុះពូជស្រូវនៅស្រុកពួក ដែលផលិតគ្រាប់ពូជស្រូវសែនក្រអូប១ ចំណាត់ថ្នាក់ចុះបញ្ជី និងផលិតកម្មគ្រាប់ពូជវិញ្ញាបនបត្រ ប្រភេទសែនក្រអូប១។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ប្រាប់ដល់បងប្អូនប្រជាកសិករ និងតំណាងក្រុមហ៊ុន រោងម៉ាស៊ីនកិន ស្រូវថា ការងារចំពោះមុខនេះ គឺការផលិតពូជស្រូវ និងការរៀបចំទីផ្សារសម្រាប់កសិករនារដូវប្រមូលផល ក្រោយៗ ។ ក្រុមការងារជំនាញនៃក្រសួងកសិកម្មកំពុងតែចងក្រងកសិករសម្រាប់ការផលិតពូជ ហើយផ្សារភ្ជាប់ជាមួយនឹងរោងម៉ាស៊ីនកិនស្រូវដែលនឹងទទួលយកពូជស្រូវនេះទៅផ្គត់ផ្គង់ដល់ប្រជាកសិករក្នុងតម្លៃសមរម្យ ក្នុងគោលដៅកាត់បន្ថយការចំណាយរបស់កសិករ។
ការចងក្រងនេះធ្វើឡើងក្នុងគោលដៅធានាទីផ្សារសម្រាប់បងប្អូនប្រជាកសិករចាប់តាំងពីពួកគាត់ទទួលពូជស្រូវសុទ្ធយកទៅបង្កបង្កើនផល និងដើម្បីបំពេញតម្រូវការរបស់រោងម៉ាស៊ីនកិនស្រូវ។ ប្រសិនបើអនុវត្តបាននោះបញ្ហាស្រូវធ្លាក់ថ្លៃនារដូវប្រមូលផលនឹងលែងកើតឡើងដូចមុនទៀតហើយ៕ ប្រភព ៖ ក្រសួងកសិកម្ម