មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការការពារសុខសន្តិភាព ជូនប្រជាជន ទោះបីក្នុងតម្លៃណាក៏ដោយ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅក្នុងតំបន់ និង ក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយរៀនសូត្រខ្លឹមសារអប់រំចិត្តសាស្ត្រ ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

បន្ទាប់ពីបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ទូទៅ ដែលកើតមានឡើងនៅក្នុងតំបន់និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច របស់ ថ្នាក់ ដឹកនាំ គ្រប់ លំដាប់ ថ្នាក់ មេបញ្ជាការ គ្រប់ បណ្ដា កងឯកភាព និង បណ្តា ការិយាល័យ ស្ថាប័ន ចំណុះឲ្យបណ្ដាអង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែល បានសម្រេចតាមផែនការ និង ភារកិច្ច ដែលថ្នាក់លើ បានប្រគល់ជូន ទទួលបានជោគជ័យគួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវប្ដេជ្ញាចិត្តដាច់ខាត កំចាត់ចោលនូវរាល់ជនទាំងឡាយណា ដែលមានគោលបំណងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានសុខសន្តិភាពដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ ឱ្យបន្តនៅគង់វង្សជារៀងរហូត ដេីម្បីឲ្យប្រទេសជាតិយើង មានការអភិវឌ្ឍន៍ រីកចម្រើន រុងរឿង និង សម្រាប់សេចក្តីសុខសាន្ត របស់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ៕ ដោយ ៖ ប៊ុន រដ្ឋា

ads banner