អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជ្រើសរើសអ្នកតំណាងរបស់ខ្លួនតាំអពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ។

លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា ទាក់ទងការលើកឡើងរបស់ក្រុមសង្គមស៊ីវិលមួយចំនួនដែលនិយាយដដែលៗអំពីការបើកលំហឱ្យមានប្រជាធិបតេយ្យ ហើយយើងចង់ចោទជាសំណួរថា តើលំហប្រជាធិបតេយ្យដែលពួកគេចង់បានហ្នឹងគឺបែបណា? ជាលំហប្រជាធិបតេយ្យមួយដែលរាជរដ្ឋាភិបាលត្រូវតែរណបតាមបរទេស ស្តាប់តាមបរទេស រហូតបាត់បង់នូវឯករាជ្យភាព និងជំហរនយោបាយរបស់ខ្លួន ដើម្បីធ្វើយ៉ាងម៉េច គឺថាតាមតែអ្វីដែលពួកគេអ្នកបញ្ជាចង់បាននោះឬយ៉ាងណា? ។ លំហប្រជាធិបតេយ្យចង់និយាយថា ទាល់តែឱ្យមានក្រុមបក្សនយោបាយ និងអ្នកនយោបាយ ដែលពួកគេគាំទ្រ ពួកគេឱ្យលុយនៅពីក្រោយ ហើយដែលពួកគេប្រើប្រាស់ជាក្រុមអ្នកនយោបាយដើម្បីញុះញង់បង្ក្យមានចលាចលនៅក្នុងប្រទេសកម្ពុជា ចូលរួមមកនៅក្នុងសង្វៀននយោបាយរប់សកម្ពុជាធ្វើឱ្យកម្ពុជាបាត់បង់ស្ថេរភាព បាត់បង់សន្តិភាព ធ្វើឱ្យកម្ពុជាលែងមានការអនុវត្តច្បាប់ត្រឹមត្រូវ ឬមួយយ៉ាងណា?។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជ្រើសរើសអ្នកតំណាងរបស់ខ្លួនតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ ការបោះឆ្នោតជ្រើសរើសតំណាងមូលដ្ឋាន គឺបានធ្វើរួចហើយ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយយើងនឹងបោះឆ្នោតតំណាងថ្នាក់ជាតិនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ គណបក្សនយោបាយដែលបានចុះបញ្ជី ចុះឈ្មោះស្របច្បាប់នៅក្រសួងមហាផ្ទៃ គឺមានសិទ្ធិចូលរួមប្រកួតប្រជែងដោយដាក់បេក្ខជនរបស់ខ្លួនជាតំណាង ដើម្បីឃោសនារកសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ សួរថា លទ្ធិប្រជាធិបតេយ្យ ឬក៏លំហប្រជាធិបតេយ្យដែលពួកគេចង់បានវាលើសពីហ្នឹងឬក៏យ៉ាងម៉េច?។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអះអាងថា “កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យទេ កម្ពុជាអត់មានបាត់បង់សេរីភាពទេ សេរីភាពបញ្ចេញមតិដែលពួកគេនិយាយថា បាត់បង់មានការរិតត្បិតនោះ យើងសួរត្រឡប់ទៅវិញថា តើអ្វីដែលពួកគេកំពុងតែរិះគន់ចោទប្រកាន់រដ្ឋាភិបាលគ្រប់សព្វបែបយ៉ាងណានេះ វាមិនមែនជាសេរីភាពបញ្ចេញមតិទេឬមួយយ៉ាងម៉េច? មួយវិញទៀតយើងសួរថា ការចាប់ខ្លួនដោយអនុវត្តច្បាប់របស់កម្ពុជាដើម្បីចាប់ខ្លួនបុគ្គល ឬជនណាដែលរំលោភច្បាប់បំពានច្បាប់សួរថា អាហ្នឹងវារំលោភទៅដល់សិទ្ធិមនុស្សឬយ៉ាងម៉េច? នៅប្រទេសដទៃ ជាពិសេសចង់ចោទសួរឱ្យចំថា នៅសហរដ្ឋអាមេរិក ឬក៏នៅប្រទេសក្នុងសហគមន៍អឺរ៉ុប មនុស្សដែលធ្វើខុសច្បាប់គេអត់ចាប់ដាក់គុកទេឬមួយយ៉ាងម៉េច?។ ខ្ញុំសូមជម្រាបថា បើសិនជាក្រុមអ្នកវិភាគ ឬក៏អ្នកតាមដានសង្គមនោះ បើកខួរក្បាលឱ្យទូលំទូលាយមើលឱ្យច្បាស់អំពីការអនុវត្តច្បាប់នៅក្នុងប្រទេសសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តប្រជាធិបតេយ្យ សេរី របស់អាមេរិកទាំងអស់ គឺត្រូវឲ្យខ្លួនហ៊ាននិយាយការពិតផង ប្រទេសរបស់គេ គឺគេយកច្បាប់ជាធំ អ្នកណាក៏ដោយឱ្យតែប្រព្រឹត្តខុសច្បាប់ មិនគោរពច្បាប់ គឺថាគេមិនបណ្តែតបណ្តោយឱ្យជននោះនៅក្រៅច្បាប់ទេ។ យើងឃើញហើយហេតុអ្វីប្រជាពលរដ្ឋខ្មែរដែលជាជនភៀសខ្លួនដែលទៅរស់នៅអាមេរិក ហើយដែលប្រព្រឹត្តខុសច្បាប់សហរដ្ឋអាមេរិក ត្រូវបានគេចាប់បញ្ជូនមកប្រទេសកកម្ពុជាវិញ សួរថាអាហ្នឹងគេលើកលែងទេ? គេដែលលើកលែងបុគ្គលដែលរំលោភច្បាប់ដែរទេ”។

លោក សួន សេរីរដ្ឋា បានបន្តថា ចំពោះក្រុមអ្នកវិភាគដែលតាំងខ្លួនជាអ្នកតាមដានសង្គម នយោបាយ តើបានមើល និងវិភាគគ្រប់ជ្រុងជ្រោយដើម្បីឱ្យតម្លៃទៅលើការអនុវត្តច្បាប់ និងគោរពច្បាប់នឹងដែរទេ? ឬមួយគ្រាន់តែការវិភាគនេះ ជាផ្នែកមួយនៃការវិភាគញុះញង់ វ៉ៃបង្អាប់ រិះគន់រដ្ឋាភិបាល ដើម្បីរកសំឡេងប្រជាពលរដ្ឋ ឬសំឡេងឆ្នោតគាំទ្រទៅក្រុមបក្សនយោបាយមួយដែលពួកខ្លួនឯងគាំទ្រតែប៉ុណ្ណោះទេ?។ បើសិនជាវិភាគឱ្យអព្យាក្រឹត្យ អត់លំអៀង គឺយើងត្រូវមើល និងឱ្យតម្លៃទៅលើប្រព័ន្ធអនុវត្តច្បាប់ ទៅលើជនដែលបានប្រព្រឹត្តខុសច្បាប់ និងអ្នកដែលល្មើសច្បាប់ទាំងឡាយ ដែលរដ្ឋាភិបាលបានកំពុងតែដំណើរការប្រព័ន្ធនីតិរដ្ឋរបស់ខ្លួន។ ដូច្នេះអ្វីដែលពួកគេលើកឡើង ហើយគ្រប់បុគ្គលមនុស្សដែលពួកគេសម្ភាសន៍ដើម្បីមកធ្វើការវ៉ៃប្រហារមមកលើរដ្ឋាភិបាល គឺយើងសុទ្ធតែដឹង សុទ្ធតែស្គាល់បុគ្គលហ្នឹង និងដឹងពីប្រភពបុគ្គលហ្នឹងមកពីណា និន្នាការនយោបាយរបស់ពួកគេគាំទ្រអ្ននកណារួចបាត់ទៅហើយ។ យើងស្ទើរតែមិនចាំបាច់ឆ្លើយតបទេ ក៏ប៉ុន្តែដើម្បីបំភ្លឺឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រជាពលរដ្ឋដែលជាអ្នកសម្រេចជោគវាសនារបស់អ្នកនយោបាយបានដឹង និងកុំឱ្យមានការភ័ន្តច្រឡំ និងកុំឱ្យចាញ់បោកពួកអ្នកនយោបាយ ពួកអ្នកវិភាគញុះញង់ទាំងឡាយណាដែលចង់ឱ្យកម្ពុជាវិលទៅរកអតីតកាលវិញ ប្រកបដោយគ្រោះថ្នាក់ ប្រកបដោយទុក្ខវេទនា ពីព្រោះកម្ពុជាបច្ចុប្បន្ន បើសិនជាយើងស្តាប់តាមការវិភាគ ស្តាប់តាមការរាយការណ៍ របស់ជនបរទេសមួយចំនួន ឬក្រុមខ្មែរមួយចំនួនដែលស៊ីឈ្នួលបរទេស គឺមើលទៅកម្ពុជាប្រៀបដូចជាឋាននរកអ៊ីចឹង។

ប៉ុន្តែបើសិនជាគ្រប់គ្នាយកភ្នែករបស់ពួកគេផ្ទាល់មកមើលដល់កម្ពុជា ហើយឃើញការពិតនៅក្នុងកម្ពុជា បានយើងទទួលស្គាល់ថា កម្ពុជាគឺជាឋានសួគ៌ដ៏តូចមួយដែលមានអ្វីៗគ្រប់សព្វបែបយ៉ាងទាំងអស់។ យើងស្តែងចេញតាមរយៈការលើកសរសើររបស់បណ្តាប្រទេសប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋ នៃបណ្តាប្រទេសធំៗមួយចំនួន ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងអស់នៅកម្ពុជា ដែលយើងបានរៀបចំបដិសណ្ឋាកិច្ចទទួល រួមទាំងប្រធានាធិបតីនៃប្រទេសមហាអំណាច រដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រី និងបណ្តាប្រទេសដែលជាដៃគូររបស់អង្គការ សមាគមអាស៊ានដែលបានអញ្ជើញមកដល់កម្ពុជា។ ពួកគេសុទ្ធតែទទួលស្គាល់ថា កម្ពុជាគឺជាទឹកដីដ៏ត្រជាក់ត្រជុំ គឺជាទឹកដីដែលមានសន្តិភាពពិតប្រាកដ មានការអភិវឌ្ឍ ជាពិសេសបានងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩៕
ដោយ៖ពលជ័យ

ads banner