ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរ ខេត្តបាត់ដំបង ដើម្បីអបអរសាទរ ពិធីបុណ្យឆ្លងឆ្នាំសកល២០២២ ឈានចូលឆ្នាំថ្មី២០២៣ និងចាប់ផ្តើមនៅថ្ងៃនេះ

ខេត្តបាត់ដំបង ៖ លោក អ៊ុចអ៊ុ ភិនីហ្ស៊ារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ថា៖ ខេត្តបាត់ដំបងបានត្រៀមលក្ខណៈរួចរាល់ជាស្រេចហើយ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី ក្នុងឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៣នេះ។ ជាពិសេសការរៀបចំដាក់តាំងពិព័រណ៍មុខម្ហូបអាហារខ្មែររបស់អ្នកខេត្តបាត់ដំបង ដោយក្នុងនោះរដ្ឋបាលខេត្តបានតុបតែងលម្អរៀបចំភ្លើងពណ៌តាមស្ពានថ្ម សួនច្បារ អគារសាលាខេត្តចាស់ និងទីធ្លាសួនសាធារណៈនានាផងដែរ ហើយនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃដំបូង ក៏មានរៀបចំនូវពិធីសម្ពោធការដាក់តាំងបង្ហាញពិព័រណ៍មុខម្ហូបខ្មែរ របស់អ្នកខេត្តបាត់ដំបងផងដែរ។

លោកប្រធានមន្ទីរ បញ្ជាក់ទៀតថា ខេត្តបាត់ដំបងគឺជាខេត្តមួយដែលមានប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទំលាប់យ៉ាងសម្បូរបែបតាំងពីដើមរៀងមក ហើយអ្វីដែលជាការកត់សម្គាល់បន្សល់ទុកក្នុងអារម្មណ៍របស់ប្រជាជននិងភ្ញៀវទេសចរក្នុងស្រុកភាគច្រើនពេលដែលបានលឺពីឈ្មោះខេត្តបាត់ដំបង គេតែងតែនឹកឃើញដល់បទចម្រៀង តាមរយៈទឹកដមសម្លេងច្រៀងរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលតែងតែបានរៀបរាប់ផ្សារភ្ជាប់ពីមុខម្ហូបចំណីអាហារដ៏ឈ្ងុយឆ្ងាញ់របស់អ្នកខេត្តនេះ ដែលកវីនិពន្ធ បានតាក់តែងរំលេចចងក្រងនូវប្រវត្តិនៃមុខម្ហូបអាហារដ៏ពេញនិយម និងឈ្ងុយឆ្ងាញ់ជាច្រើនដូចជា៖អាម៉ុកត្រី,ផ្អកត្រីប្រៃ,ណែមត្រី,ក្រូចពោធិ៍សាត់, ដូងខ្ទិះ…ដែលមានឱជារសឆ្ងាញ់ពិសារ ។

លោកប្រធានមន្ទីរទេសចរណ៍ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមកម្សាន្តសប្បាយបានភ្លក្សរសជាតិម្ហូបអាហារខ្មែរអ្នកខេត្តបាត់ដំបង និងភេសជ្ជៈឆ្ងាញ់ៗ ដែលមានលក់ក្នុងទឹកដីខេត្តបាត់ដំបងទាំងអស់គ្នា ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិជាច្រើនកន្លែង ដែលគួរជាទីកន្លែងដ៏សមគួរ ដើម្បីសម្រាកលម្ហែកម្សាន្តអារម្មណ៍ក្នុងឱកាសឈប់សម្រាកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ។ ខេត្តបាត់ដំបង ក៏មានវិសាលភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តចំនួន ១១១ទីតាំង ក្នុងនោះរមណីយដ្ឋានទេសចរណ៍មានចំនួន ២០ទីតាំង, សហគមន៍និងអេកូទេសចរណ៍មាន ៤ទីតាំង, គោលដៅទេសចរណ៍មាន ៥៤ទីតាំង, ទេសចរណ៍សាសនាមាន ២៩ទីតាំង និងតំបន់កសិទេសចរណ៍មាន ៤ទីតាំង៕ (អ៊ុក សំអាន បប )

ads banner