សម្តេចតេជោបើកការដ្ឋានសំណង់ផ្លូវ២ខ្សែប្រវែងជាង១០០គីឡូម៉ែត្រ ក្នុងខេត្តភាគនិរតី (Video Inside)
កំណាត់ផ្លូវជាតិ២ខ្សែប្រវែងសរុបជាង១០០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពនៅថ្ងៃសុក្រ ទី៣០ ធ្នូ ឆ្នាំ២០២២ ក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋប្រជាមានិតចិន។
កំណាត់ផ្លូវទាំង២ខ្សែ គឺរួមមានផ្លូវជាតិលេខ៣១ ប្រវែងប្រមាណ៥៣,៥៣ គីឡូ ម៉ែត្រដែលជាកំណាត់ផ្លូវប្រសព្វជាតិលេខ៣ពីចំណុចបែកគូស រហូតដល់ផ្សារកំពង់ត្រាចខេត្ត កំពត… ចំណែកឯផ្លូវជាតិលេខ៣៣ មានប្រវែងប្រមាណ៥២,៥៧គីឡូម៉ែត្រ ចេញពីផ្លូវជាតិ លេខ៣ ត្រង់គីឡូម៉ែត្រលេខ ១៤៨និង១០០ ដែលស្ថិតក្នុងខេត្តកំពត រហូតដល់ច្រកលក នៃព្រំដែនកម្ពុជានិងវៀតណាម។
ពិធីបើកការដ្ឋាននេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន។
កម្ពុជាក្នុងជំនាន់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផ្លូវថ្នល់, ស្ពានឆ្លងកាត់ទន្លេ និងដៃសមុទ្ទ ត្រូវបានស្ថាបនាឡើងជាច្រើន ដែលសមិទ្ធទាំងនេះ បានជួយបំរើកិច្ចការជាច្រើនសម្រាប់ពលរដ្ឋក្នុងការដឹកជញ្ជួន, ការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
ក្នុងចំណោមបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ដែលជួយកម្ពុជាក្នុងការកសាងសមិទ្ធផលជាតិនេះ គឺប្រទេសចិនបានចូលរួមចំណែកយ៉ាងសំខាន់ លើការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិនេះ។ គិតមកទល់ពេលនេះ ផ្លូវប្រវែងជាង ៣ពាន់ គីឡូម៉ែត្ររួចមកហើយដែលត្រូវបានប្រទេសចិនជួយកម្ពុជាលើការកសាងថ្នល់ខ្វាតខ្វែងនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថានៅប៉ុន្មាន ថ្ងៃខាងមុខទៀតនេះ សម្តេចនឹងអញ្ជើញចូលរួមបើកការដ្ឋានថ្មីបន្ថែមទៀតនៅខេត្តក្រចេះ និងខេត្តកំពង់ចាម។
ទំនាក់ទំនងរវាងកម្ពុជា និងចិន បច្ចុប្បន្ន ត្រូវបានដំឡើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់។ តាមរយៈទំនាក់ទំនងកម្រិតកំពូលនេះ កម្ពុជា និងចិន អាចមានលទ្ធភាពបង្កើតនូវកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនលើ វិស័យនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានសម្រេចប្រមាណជាង ១១ពាន់លានដុល្លារ អាមេរិក នៅឆ្នាំ២០២១។ បើគិតក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេស ទាំង ២ មានទំហំសម្រេចបានជិត ៩ពាន់លានដុល្លារ។ ប្រទេសទាំង២កម្ពុជានិងចិន បានកំណត់គោលដៅលើការសម្រេចធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យបាន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។ សម្តេចតេជោបានថ្លែងថាក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើន ដល់១៤ពាន់៥០០លានដុល្លារហើយ។