រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជឿជាក់ថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងបន្ដខិតខំប្រឹងប្រែង ដើម្បីឱ្យវិស័យកីឡាក្នុងក្រសួងមហាផ្ទៃកាន់តែរីកចម្រើន ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀត
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សរុបចំនួន ៥០០នាក់ ដែលប្រព្រឹត្តិទៅនៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាការ៉ាតេ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២៣។
ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ថ្លែងថា ការចូលរួមប្រកួតរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ លើកទី១ កាលពីឆ្នាំ២០១៦ ទទួលបានមេដាយសរុប ៥៣គ្រឿង (មាស២៧ ប្រាក់១២ និងសំរឹទ្ធ១៤), លើកទី២ កាលពីឆ្នាំ២០១៨ ទទួលបានមេដាយសរុប ១៤៩គ្រឿង (មាស៨៣ ប្រាក់៤៣ និងសំរឹទ្ធ២៣), លើកទី៣ កាលពីឆ្នាំ២០២២ ទទួលបានមេដាយសរុប ២១១គ្រឿង (មាស១០៣ ប្រាក់៥៨ និងសំរឹទ្ធ៥០)។ ឯកឧត្តម បន្ដថា លទ្ធផលនេះ បាននាំឱ្យក្រសួងមហាផ្ទៃ ឈរនៅលំដាប់ទី១ ទូទាំងប្រទេស លើបណ្ដាក្រសួង និងរាជធានី-ខេត្ត ទាំង២៥។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ជឿជាក់ថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងបន្ដខិតខំប្រឹងប្រែង ដើម្បីឱ្យវិស័យកីឡាក្នុងក្រសួងមហាផ្ទៃកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងចូលរួមចំណែកលើកស្ទួយនូវវិស័យកីឡារបស់ប្រទេសកម្ពុជា ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀត ។
គួរបញ្ជាក់ថា នៅឆ្នាំ១៩៥៩ នាសម័យសង្គមរាស្ត្រនិយម ក្រុមប្រឹក្សាកីឡាកងរាជតម្រួតកម្ពុជា ដែលជាអង្គការកីឡាដំបូង នៃកងកម្លាំងនគរបាលជាតិ ត្រូវបានបង្កើតឡើងដោយ ស្នាមព្រះហស្ត ព្រះករុណាព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលពេលនោះទ្រង់ក៏ជាព្រះបិតា កីឡាជាតិផងដែរ។ ស្ថាប័នកីឡានេះ បានចាប់បដិសន្ធិ និងកែទម្រង់ឡើងវិញនៅឆ្នាំ២០១៣ ដោយមានឈ្មោះថា «សហភាពកីឡានគរបាលជាតិកម្ពុជា» ហើយដំណើរការមកដល់ចុងឆ្នាំ២០១៩ ទើបត្រូវបានធ្វើការកែសម្រួលជាថ្មី និងប្តូរឈ្មោះមកជា «ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ» តាមអនុក្រឹត្យលេខ៥១ អនក្រ.បក គោលបំណងក្នុងការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គឺដើម្បីលើកកម្ពស់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ និងរួមគ្នាអភិវឌ្ឍសមត្ថភាពបច្ចេកទេស ឱ្យមានការរីកចម្រើន និងដើម្បីធ្វើសមាហរណកម្មចូលជាសមាជិកសហភាពកីឡានគរបាលអន្តរជាតិផងដែរ ៕
ដោយ-រ៉ាវុធ