មន្រ្តីសហគមន៍ អំពាវនាវអ្នកពាក់ព័ន្ធឱ្យចូលរួមថែរក្សា សហគមន៍ នេសាទស្ដីក្រោម-រហាលសួង

អត្ថបទដោយ៖
CPA

បាត់ដំបង៖ គិតត្រឹមឆ្នាំ២០២២ សមាជិកសហគមន៍នេសាទ ស្ដីក្រោម-រហាលសួងសរុបមានចំនួន ៥៣៤នាក់ ក្នុងនោះ ស្រី២១៣នាក់ ដែលគិតជាគ្រួសារមានចំនួន១៨៨ គ្រួសារ។ពួកគេភាគច្រើនពឹងផ្អែកលើរបរសិកម្ម និងនេសាទត្រី។

តំបន់អភិរក្សសហគមន៍នេសាទស្ដីក្រោម-រហាលសួងស្ថិត ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្កើត ឆ្នាំ២០០៧ ដែលដែនគ្រប់គ្រងរបស់សហគមន៍សរុប មានចំនួន ១ ៣៩០ហិតា ក្នុងនោះព្រៃលិចទឹក៦៤,៧៧ ភាគរយ (៩០០,៣០៣ហិតា) ក្រៅពីនោះជាដីកសិកម្មរបស់ ប្រជាពលរដ្ឋ បឹង វាលទំនាប និងអូរ។ បឹងមានចំនួន២៩ អូរចំនួន៧ វាលចំនួន៣ ដែលបានកាត់ចេញពីអតីតឡូត៍ នេសាទលេខ៧ និងលេខ០៦។

ព្រំប្រទល់ដែនគ្រប់គ្រងរបស់សហគមន៍នេះ ខាងជើងជាប់ មាត់ស្ទឹងសង្កែ ភូមិបាក់ព្រា និងឃុំព្រៃចាស់, ខាងត្បូងជាប់ នឹងព្រំប្រទល់សហគមន៍នេសាទបាក់រទេះ, ខាងកើតជាប់ នឹងព្រំប្រទល់សហគមន៍នេសាទស្វាយសរនៃឃុំតាប៉ុន និងខាងលិចជាប់នឹងមាត់ស្ទឹងសង្កែ។

លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទស្ដីក្រោម-រហាលសួង ទទួលបន្ទុករៀបចំតំបន់អភិរក្ស បានឱ្យដឹងថា មកដល់ឆ្នាំ២០២២ នេះ សហគមន៍បានស្ដារ និងកែលម្អបឹង នៅចំណុចបឹងតាមាឃបានជាង ១០ ០០០ ម៉ែត្រគូប និង បានរៀបចំព្រំប្រទល់ធ្វើផ្លូវភ្លើង ការពារភ្លើងឆេះផង និងបង្ហាញ សញ្ញាឱ្យប្រជាពលរដ្ឋលោកដឹងថានេះជាព្រំប្រទល់ទីតាំងអភិរក្ស ហើយងាយស្រួលក្នុងការចុះល្បាតផងដែរ។

លោកបានអះអាងថា ៖ «ការដាក់ព្រំប្រទល់នេះ គឺយើងមិន អនុញ្ញាតឱ្យប្រជាពលរដ្ឋនេសាទក្នុងតំបន់នេះទេ បើផុតពី កន្លែងនេះ អាចនេសាទបាន»។
ក្រៅពីការរៀបចំស្តារបឹងធម្មជាតិ និងរៀបចំព្រំប្រទល់តំបន់ អភិរក្ស សហគមន៍នេសាទស្ដីក្រោម-រហាលសួងបានដាំ កូនឈើបានមួយចំនួនផងដែរ។

លោក ហោ សំអាត បញ្ជាក់ថា ៖ «ក្នុងឆ្នាំ២០២២ យើងដាំ បានជាង ១០០ដើម ជាដើមរំដេញសុទ្ធ ហើយតាំងពីដាំ មកដល់ពេលនេះ សរុបបានជាង ១០០០ដើមហើយ មានរំដេញ មានរាំង និងក្ទម្ព យើងមាន តែបីប្រភេទនេះទេ»។

អនុប្រធានសហគមន៍នេសាទស្ដីក្រោម-រហាលសួង រូបនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយថែរក្សាតំបន់អភិរក្សមេពូជត្រី និងសត្វព្រៃមួយចំនួនដែលមាននៅក្នុងសហគមន៍នេះថា ៖ «ខ្ញុំសូមសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មិនថាតែក្នុងឃុំព្រែកលួងទេ កន្លែងផ្សេងៗទៀត ក៏សូមចូល រួមថែរក្សាទាំងអស់គ្នា ព្រោះត្រីក្នុងតំបន់នេះ ពេលរដូវទឹកលិច វាធ្វើចរាចរហួសពីឃុំព្រែកលួងទៀត ហើយប្រសិនបើយើងមិន ចូលរួមការពារទេ ពេលដែលត្រីចេញទៅ មានអ្នកនេសាទប្រើ ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ នោះគឺជាការបំផ្លាញ ទាំងត្រីធំ និងកូនត្រីតូចៗ»។

លោកបានបន្តទៀតថា ធនធានធម្មជាតិជារបស់ទាំងអស់គ្នា ដូចជាអ្នកនេសាទត្រី បើមានត្រី គាត់អាចនេសាទបាន អាច ជួយបង្កើនមុខរបរបាន។ ចំណែកក្រៅពីអ្នកនេសាទ ក៏ទទួល ផល ប្រយោជន៍ពីត្រី ។បើត្រីធម្មជាតិសម្បូរពួកគាត់អាចរកត្រី បាន ច្រើនលក់លើទីផ្សារ ក្នុងតម្លៃធូរថ្លៃផងដែរ ដែលវា ជាចំណែកមួយជួយឱ្យប្រជាពលរដ្ឋចំណាយតិចក្នុងគ្រួសារ។

លោក ហោ សំអាត បានប្រាប់ថា ៖ «អ៊ីចឹង! សូមចូលរួមទាំង អស់គ្នា សូមសប្បុរសជនទាំងអស់ចូលថែរក្សា និងចូលរួម ឧបត្ថម្ភដល់សហគមន៍នេសាទស្ដីក្រោម-រហាលសួង ដើម្បីបានបន្តការងារអភិរក្សនេះបន្តទៀត»។

សូមបញ្ជាក់ថា សហគមន៍ស្ដីក្រោម-រហាលសួងនេះ រួមបញ្ចូល ដោយភូមិចំនួនពីរ គឺភូមិស្ដីក្រោម និងភូមិរហាលសួង ស្ថិតនៅ ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ហោ សំអាត បានរៀបរាប់ប្រវត្តិត្រួសៗឱ្យដឹងដែរថា ឆ្នាំ១៩៩៦ឃុំព្រែកហ្លួងបានជួបប្រទះនូវគ្រោះធម្មជាតិរាំងស្ងួត ម្យ៉ាងដោយសារដីធ្វើស្រែប្រើជីគីមីខ្លាំង និងអត្រាការប្រាក់ កម្ចីខ្ពស់រហូត១០ភាគរយ ដែលជាហេតុធ្វើឱ្យអ្នកភូមិស្ដីក្រោម មួយចំនួនខ្វះដើមទុន និងស្បៀងអាហារ។

ដើ ម្បី ចូលរួម ដោះស្រាយបញ្ហានេះ នៅឆ្នាំ១៩៩៧ អង្គការ ក្រុមទ្រទ្រង់(VSG) បានសម្របសម្រួលជួយបង្កើតសមាគម ឈ្មោះថា «ស្មារតីលើកស្ទួយកសិកខ្មែរ» ដោយមានកម្មវិធីធំៗ ចំនួនបី គឺស្រូវប្រាំង និងសួនបន្លែគ្រួសារ ដោយប្រើជីធម្មជាតិ និងជីកំប៉ុស, ធានាគារស្រូវ និងឥណទាននិងប្រាក់សន្សំ។

ឆ្នាំ១៩៩៨-២០០០ ជម្លោះដែននេសាទរវាងអាជីវករ ឡូត៍ នេសាទ និងប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរ ដើម្បីដោះស្រាយ បញ្ហានេះ នៅអំឡុងឆ្នាំ២០០០ និង២០០១ រាជរដ្ឋាភិបាល បានសម្រេចលុបឡូត៍នេសាទតម្លៃចាប់ពី៣០លានរៀលចុះ និងកាត់ផ្ទៃឡូត៍មួយចំនួន សរុបទូទាំងប្រទេសជាង ៥៦ ភាគរយ ទុកសម្រាប់ប្រជាពលរដ្ឋរនេសាទជាលក្ខណៈគ្រួសារ ហើយបានប្រកាសឱ្យប្រជាពលរដ្ឋបង្កើតសហមន៍នេសាទ។

នៅឆ្នាំ២០០៣ ដើម្បីចូលរួមគាំទ្រគោលនយោបាយកែ ទម្រង់ វិស័យជលផលរបស់រាជរដ្ឋាភិបាល សមាគមស្មារតីលើកស្ទួយ កសិករខ្មែរភូមិស្ដីក្រោម ប្រជាពលរដ្ឋភូមិរហាល អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការក្រុមទ្រទ្រង់ភូមិ បានរួមគ្នា បង្កើត ជាសហគមន៍សាទ ដោយដាក់ឈ្មោះថា «ស្ដីក្រោម-រហាលសួង» ដែលមានគណៈកម្មការចំនួនប្រាំពីររូប ដែលបាន កើតឡើងដោយការបោះឆ្នោត និងបោះឆ្នោតលើក ទី២នៅ ឆ្នាំ២០១២ មានគណៈកម្មការចំនួនប្រាំបួនរូប។

បច្ចុប្បន្នគណៈកម្មការប្រាំបួនរូប ដែលមានស្រ្តីចំនួន បី រូបផងដែរ ក្នុងមានប្រធានមួយរូប អនុប្រធានពីររូប បេឡា មួយរូប លេខាមួយ រូប ផ្នែកផ្សព្វផ្សាយពីររូប ផ្នែកល្បាតមួយរូប និងផ្នែកយុវជនមួយរូប៕
ដោយ៖ហ៊ួន ស៊ីឡូន

ads banner