នាយករដ្ឋមន្រ្តីជប៉ុន ចាប់ផ្តើមដំណើរទស្សនកិច្ច ទៅកាន់ប្រទេសសមាជិក G7
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានចាកចេញទៅកាន់ប្រទេសបារាំងហើយ ក្នុងជើងទីមួយនៃដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសចំនួន ៥ នៃក្រុមប្រទេស G7។
លោក គីស៊ីដា គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង អ៊ីតាលី អង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំប្រទេសទាំងនោះ នៅមុនពេលឆ្ពោះទៅកាន់កិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភាខាងមុខ ដែលជប៉ុនកាន់តំណែងជាប្រធាននៅឆ្នាំនេះ។
មុនពេលចេញដំណើរនៅថ្ងៃចន្ទសប្តាហ៍នេះ លោក គីស៊ីដា បានប្រាប់អ្នកកាសែតថា គាត់សង្ឃឹមថា នឹងមានកិច្ចពិភាក្សាដោយស្មោះត្រង់ ដើម្បីពង្រឹងទំនុកចិត្តកាន់តែស៊ីជម្រៅក្នុងចំណោមសមាជិក G7។ ទន្ទឹមគ្នា លោកចង់ចែករំលែកការយល់ដឹងរួម អំពីស្ថានភាពសន្តិសុខដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន និងបញ្ហាផ្សេងៗទៀត ដើម្បីបញ្ជាក់ពីការសម្របសម្រួលដោយបង្ហាញពីជំហររបស់ប្រទេសជប៉ុន។
ដោយសំដៅដល់កិច្ចប្រជុំកំពូលជប៉ុន-អាមេរិក លោក គីស៊ីដា បាននិយាយថា វានឹងក្លាយជាឱកាសដ៏មានតម្លៃសម្រាប់ប្រជាជាតិទាំងពីរ ក្នុងការពង្រឹងបន្ថែមទៀតនូវសម្ព័ន្ធភាពទ្វេភាគី និងបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។ លោកបានកត់សម្គាល់ថា កិច្ចប្រជុំនេះធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលរបស់គាត់ បានបង្ហាញការកែសម្រួលឯកសារសន្តិសុខសំខាន់ៗចំនួនបី ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា
