ឯកឧត្ដម ជា ចាន់តូ រំលឹកដល់អ្នកម៉ៅការសាងសង់អគារសិក្សាថ្មី នៃសាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង គោរពឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ធានាបានទាំងគុណភាព និងសោភណ្ឌភាព
កំពង់ធំ៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ រំលឹកដល់អ្នកម៉ៅការសាងសង់អគារសិក្សាថ្មី នៃសាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង គោរពឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានាបានទាំងគុណភាព និងសោភណ្ឌភាព ។ ការរំលឹករបស់ ឯកឧត្ដម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដូចនេះ ក្នុងពិធីបញ្ចុះបឋមសិលាបើកការសាងសង់ជាផ្លូវការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ។
តាមការបញ្ជាក់ពីលោក ឯក ប្រុស អ្នកទទួលការងារសាងសង់បានឲ្យដឹងថា៖ សាលាបឋមសិក្សាឯក អេម សង់ឃ្លាំង ទទួលបានអគារសិក្សាថ្មីមួយខ្នង៣បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា បន្ទាប់ពីមើលឃើញពីការខ្វះខាតថ្នាក់សម្រាប់ការសិក្សារបស់សិស្សនុសិស្សនៅទីនោះ ហើយអគារថ្មីនេះ គ្រោងនឹង សាងសង់រួចរាល់ នៅអំឡុងមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។
ជាមួយគ្នានេះ លោកអភិបាលស្រុកសន្ទុក ក្នុងនាមមាតា បិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាឯក អេម សង់ឃ្លាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងកាយវិការដ៏សប្បុរស របស់ឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ដែលបានជួយកសាងអគារថ្មីបន្ថែមដល់សាលានេះ ដើម្បីបំពេញដល់សេចក្ដីត្រូវការថ្នាក់រៀនរបស់សិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សាថ្មី និងឆ្នាំបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ដែរថា៖ ជាមួយនឹងបើការសង់អគារសិក្សានេះ ក៏មានការអនុញ្ញាតិឱ្យមានការកសាងចេតីយអតីតព្រះគ្រូចៅ អធិការ ស្ថិតនៅបរិវេណវត្តសង់ឃ្លាំង ផងដែរ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម បណ្ឌិត ជា ចាន់តូ បានក្រើនរំលឹកដល់អ្នកទទួលម៉ៅការសាងសង់ ឲ្យបង្កើនស្មារតី ទទួលខុសខ្ពស់ចំពោះការងារមួយនេះ ធ្វើយ៉ាងណាឲ្យការសាងសង់សម្រេចបានតាមផែនការ និងគោរពឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធានាឲ្យបានទាំងគុណភាព និងសោភណ្ឌភាព។
សូមជម្រាបថា៖ សាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង បច្ចុប្បន្ន មានតែអគារមួយខ្នង៥បន្ទប់ប៉ុណ្ណោះ ដែលកសាងឡើងដោយមហាឧបាសិកា ឯក អេម នៅឆ្នាំ២០១០ ដែលមានសិស្សកំពុងសិក្សាចំនួន៣១៧នាក់ ស្រីចំនួន១៥២នាក់ បើប្រៀបធៀបទៅនឹងពេលមុន សិស្សមានការកើនឡើងជាបន្តបន្ទាប់ ៕ ដោយ វ៉េង លីមហួត