យោធាអាមេរិកពង្រឹងទំនាក់ទំនងស៊ីជម្រៅជាមួយជប៉ុន និងហ្វីលីពីន

អាមេរិក៖កងកម្លាំងប្រដាប់អាវុធអាមេរិកនិងជប៉ុន កំពុងធ្វើ សមាហរណកម្មរចនាសម្ព័ន្ធបញ្ជាការរបស់ភាគីទាំងពីរយ៉ាងឆាប់រហ័ស និងពង្រីកប្រតិបត្តិការរួមគ្នា ស្របពេលដែលទីក្រុង វ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាស៊ីផ្សេងៗទៀត ត្រៀមខ្លួនសម្រាប់ ជម្លោះដែលអាចកើតមានជាមួយចិន ដូចជាសង្រ្គាមនៅតៃវ៉ាន់ ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Financial Times ដែលស្រង់សម្ដីមេបញ្ជាការកងទ័ពជើងទឹកកំពូល អាមេរិក ជាន់ខ្ពស់នៅជប៉ុន។

មេបញ្ជាការនៃកងកម្លាំងបេសកកម្មកងកម្លាំងម៉ារីនទី៣ (III MEF) និងកងកម្លាំងម៉ារីននៅជប៉ុន លោក James Bierman បានប្រាប់ កាសែត Financial Times ក្នុងបទសម្ភាសន៍មួយថា យោធានៃ ប្រទេសទាំងពីរ (អាមេរិក និងជប៉ុន) បានកើនឡើងកាន់ តែខ្លាំង ឡើងៗយ៉ាងឆាប់រហ័សគិតតែក្នុងឆ្នាំមុន ចំពោះប្រតិបត្តិការ របស់ខ្លួននៅលើទឹកដីដែលនឹងត្រូវការពារ ក្នុងករណីមាន សង្រ្គាម។

លោក Bierman បានលើកឡើងថា សហរដ្ឋអាមេរិក និងក្រុម សម្ព័ន្ធមិត្តនៅអាស៊ី កំពុងត្រៀមខ្លួនសម្រាប់សេណារីយ៉ូ ផ្សេងៗ ដូចជាការឈ្លានពានកោះតៃវ៉ាន់របស់ចិនជាដើម ដើម្បីឱ្យសម្រេច បានដូចអ្វីដែលលោកខាងលិចធ្វើក្នុងការគាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។
មេបញ្ជាការរូបនេះនិយាយយ៉ាងដូច្នេះថា៖«មួយផ្នែកធំនៃការទទួលបានភាពជោគជ័យនៅអ៊ុយក្រែននោះ គឺដោយសារតែការត្រៀម ខ្លួនយ៉ាងមាំរបស់យើងសម្រាប់ជម្លោះនាពេលអនាគត បន្ទាប់ពី ការឈ្លានពានរបស់រុស្ស៊ីនៅក្នុងឆ្នាំ ២០១៤-២០១៥ ដោយរួម មានទាំងការបណ្តុះបណ្តាលអ៊ុយក្រែន ការកំណត់កន្លែងផ្គត់ ផ្គង់ជាមុន ការកំណត់ផ្នែកដែលយើងអាចធ្វើប្រតិបត្តិការគាំទ្រ និងទ្រទ្រង់ប្រតិបត្តិការជាដើម»។ លោកបន្តថា៖ «យើងហៅ កិច្ចការនេះថាជាការរៀបចំឆាក។ យើងកំពុងរៀបចំឆាកនៅជប៉ុន ហ្វីលីពីន និងនៅប្រទេសផ្សេងទៀត»។

គួរបញ្ជាក់ថា ការប្រៀបធៀបត្រង់ៗខុសពីធម្មតារបស់លោក Bierman រវាងសង្រ្គាមអ៊ុយក្រែន និងសង្រ្គាមដែលអាច មានរបស់ចិន ធ្វើឡើងខណៈដែលទីក្រុងប៉េកាំងបានបង្កើនទំហំ និងភាពទំនើបនៃសមយុទ្ធយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជប៉ុន និងហ្វីលីពីនក៏កំពុង ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយអាមេរិកផងដែរ ដើម្បីទប់ទល់នឹងភាពក្លៀវក្លារបស់ចិន ខណៈបច្ចុប្បន្ននេះ គេមើលឃើញថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បាន ធ្លាក់ចុះ កាន់តែដុនដាបទៅ។

ជប៉ុន និងសហរដ្ឋអាមេរិក គ្រោងនឹងពិភាក្សាអំពីការពង្រឹង សម្ព័ន្ធភាពរបស់ខ្លួនក្នុងកិច្ចពិភាក្សាសន្តិសុខរវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិនៅថ្ងៃពុធ និងក្នុងកិច្ចប្រជុំកំពូលរវាង ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា ក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រ។ កិច្ចប្រជុំកំពូលៗទាំងនេះ នឹងធ្វើឡើងខណៈទីក្រុងតូក្យូបានចាប់ ផ្តើមផ្លាស់ប្តូរគោលនយោបាយសន្តិសុខរបស់ខ្លួនទ្រង់ទ្រាយធំ ដែលនឹងរួមបញ្ចូលទាំងការបង្កើនការចំណាយលើវិស័យការពារជាតិ និងការដាក់ពង្រាយមីស៊ីលដែលមានសមត្ថភាពបាញ់ដល់ ទឹកដីចិន។
គួររំឭកផងដែរថា III MEF គឺជាកម្លាំងឆ្លើយតបវិបត្តិតែមួយគត់ របស់កងម៉ារីនសហរដ្ឋអាមេរិក ដែលឈរជើងជាអចិន្ត្រៃយ៍ នៅខាងក្រៅប្រទេស។ អង្គភាពនេះគឺជាចំណុចស្នូលនៃកំណែទម្រង់ដ៏កងម៉ារីនអាមេរិកធំ ដែលមានគោលបំណងជំនួសការផ្តោតតែលើកិច្ចប្រយុទ្ធប្រឆាំងនឹងការបះបោរនៅមជ្ឈិមបូព៌ា ដោយបង្កើតជាអង្គភាពតូចៗ ដែលមាន ជំនាញក្នុងប្រតិបត្តិការរហ័ស និងសម្ងាត់នៅក្នុងកោះ និងច្រកសមុទ្រផ្សេងៗនៃអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកខាងលិច ដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រប្រឆាំងសត្រូវមិនឱ្យចូលកាន់កាប់ ឬឆ្លងកាត់តំបន់ដីគោក សមុទ្រ ឬផ្លូវអាកាស (Anti-Access Area Denial) របស់ប្រទេសចិន។

លោក Bierman បានប្រាប់ Financial Times ថា ដើម្បីដឹងពីយុទ្ធសាស្ត្រ Anti-Access Area Denial របស់ចិន ការធ្វើសមាហរណកម្មឱ្យកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តមានសារៈសំខាន់ណាស់។ ក្នុងសមយុទ្ធជាបន្តបន្ទាប់នាពេលថ្មីៗនេះ កងម៉ារីនបានបង្កើតមជ្ឈមណ្ឌលសម្របសម្រួលយុទ្ធសាស្ត្រលើតំបន់ទ្វេភាគីជាលើកដំបូង ជាជាងការដោះដូរកិច្ចទំនាក់ទំនង ជាមួយនឹងចំណុចបញ្ជារបស់សម្ព័ន្ធមិត្ត។

លោក Bierman បន្ថែមថា ក្នុងសញ្ញាមួយផ្សេង ទៀតដែល បង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ អង្គភាព យោធាជប៉ុនជាក់លាក់ ត្រូវបានកំណត់ថាជាផ្នែកនៃ «កងកម្លាំងប្រចាំការ» រួមជាមួយនឹងអង្គភាព III MEF និងកងនាវាចរ និងអាកាសសហរដ្ឋអាមេរិក។

មេបញ្ជាការកងទ័ពដដែលបានបន្តថា ជំនួសឱ្យការវិល ជុំនៃ អង្គភាពយោធាជប៉ុន ដែលធ្វើការជាមួយសមភាគី អាមេរិក ដូចពីអតីតកាល កងកម្លាំងប្រចាំការត្រូវបានបង្កើតឡើង ឱ្យទទួលខុសត្រូវចំពោះផែនការប្រតិបត្តិការ។មិន ត្រឹម តែប៉ុណ្ណេះ លោកBiermanបាននិយាយទៀតថាស្របពេលដែលយោធាអាមេរិកផ្ដោតលើអាកប្បកិរិយាកំរោលរបស់ចិននៅជុំវិញកោះតៃវ៉ាន់ គេមិនគួរយល់ថាកងទ័ពរំដោះប្រជាជនចិនគួរឱ្យស្ងើចអស្ចារ្យនោះទេ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «នៅពេលអ្នកនិយាយអំពីភាព ស្មុគស្មាញ ទំហំនៃប្រតិបត្តិការមួយចំនួនដែល ពួកគេ(ចិន) នឹងត្រូវធ្វើ ឧទាហរណ៍ក្នុងករណីឈ្លានពានតៃវ៉ាន់ វានឹងមាន ការចង្អុលបង្ហាញ និងការព្រមាន ហើយមានទិដ្ឋភាពជាក់លាក់ ចំពោះសកម្មភាពនោះទាក់ទងនឹងភូមិសាស្ត្រ និងពេលវេលា ដែលអាចឲ្យយើងត្រៀមខ្លួនបានច្រើនបំផុត»។

ជាផ្នែកនៃត្រៀមទាំងនោះ ហ្វីលីពីនគ្រោងនឹងអនុញ្ញាត ឱ្យកង កម្លាំង អាមេរិកដាក់ពង្រាយអាវុធ និងការផ្គត់ផ្គង់ផ្សេងៗនៅ លើមូលដ្ឋានចំនួនប្រាំបន្ថែមទៀត បន្ថែមពីលើមូលដ្ឋានចំនួនប្រាំ ដែលសហរដ្ឋអាមេរិកធ្វើរួចស្រេចមកហើយ។ លោក Bierman ថា៖ «ពេលទទួលបានចំណុចអានុភាព ដែលជាមូលដ្ឋានមួយ នៃប្រតិបត្តិការ អ្នកនឹងអាចមានប្រៀបយ៉ាងខ្លាំងក្នុងការ ចាប់ផ្ដើម ផែនការប្រតិបត្តិការផ្សេងៗគ្នា។ ពេលដែលយើងជួបជាមួយសត្រូវចិន ដែលនឹងមានសមត្ថភាព ខ្លាំង ក្នុងការផ្តួចផ្តើមអរិភាព យើងអាចកំណត់អត្តសញ្ញាណ ទីតាំងសំខាន់ៗដែលត្រូវតែកាន់កាប់ រក្សាទុក ធានាការពារ»។

គួរកត់សម្គាល់ថា ការបង្កើនសកម្មភាពយោធាសម្ព័ន្ធមិត្ត មិន ថាបណ្ដាប្រទេសនៅអាស៊ី ឬអូស្រ្តាលី តែងត្រូវបានមន្រ្តីអាមេរិក ពិពណ៌នាថាជាការត្រៀមខ្លួនទប់ទល់នឹងសត្រូវចិន។

ជាការឆ្លើយតបទៅនឹងនិន្នាការទាំងនេះ អ្នកវិភាគមើលឃើញថា ចិនទំនងជានឹងបង្កើនសម្ពាធលើបណ្តាប្រទេសនៅក្នុងគន្លងរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីបង្ខូចបណ្តាញភាព ជា ដៃគូរបស់ទីក្រុងវ៉ាស៊ីនតោន។
សាស្ត្រាចារ្យភូមិសាស្រ្តនយោបាយនៅសាកលវិទ្យាល័យជាតិសិង្ហបុរី លោក Ian Chong បានលើកឡើងប្រាប់កាសែតជប៉ុន Japan Times ថា កងទ័ពរំដោះប្រជាជន និងកងកម្លាំងប៉ារ៉ា (ចិន) ដូចជាកងជីវពលដែនសមុទ្រ អាចដើរតួក្នុងសកម្មភាពបែបនេះ តាមរយៈការដាក់ពង្រាយ និងសមយុទ្ធយោធាផ្សេងៗ។ លោកលើកឡើងបែបនេះដោយសំដៅលើនាវានេសាទរាប់ពាន់គ្រឿងរបស់ប្រទេសចិន និងនាវាផ្សេងទៀត ដែលបម្រើក្នុង តួនាទីកងជីវពលរបស់ប្រទេសនេះ។

លោក Chong បានបន្ថែមថា ស្របពេលជាមួយគ្នានេះ ទីក្រុងប៉េកាំងនឹងបន្តធ្វើទំនើបកម្មយោធារបស់ខ្លួន ខណៈ រក្សាកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីឱ្យគេមើលឃើញ សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក និងការរៀបចំសន្តិសុខ សហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី ថាជាមូលដ្ឋានអស្ថិរភាព និងសូម្បីតែគ្រោះថ្នាក់សម្រាប់តំបន់៕
ដោយ៖ហួន ឌីណា

ads banner