ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅមណ្ឌលគិរី ត្រូវបានជឿជាក់ថានឹងជួយប្រូម៉ូតសក្ដានុពលកីឡាយានយន្តនៅកម្ពុជា
(មណ្ឌលគិរី)៖ ក្រុមអ្នកជំនាញនៅទីលាន១២ម៉ូទ័រផាក ដែលជាទីលានប្រណាំងយានយន្តដ៏ធំមួយនៅខេត្តមណ្ឌលគិរី បានប្ដេជ្ញាប្រឹងប្រែងសហការរៀបចំព្រឹត្តិការណ៍រថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ឱ្យបានល្អ ដើម្បីយកឱកាសនៃការរៀបចំនេះប្រូម៉ូតពីសក្ដានុពលកីឡាប្រណាំងយានយន្តនៅកម្ពុជា ក៏ដូចជាសក្ដានុពលទាក់ទាញផ្សេងទៀតនៃខេត្តមណ្ឌលគិរី។

គួរជម្រាបថា ព្រឹត្តការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព ឆ្នាំ២០២៣នេះ គឺគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅទីលាន១២ម៉ូទ័រផាក នាខេត្តមណ្ឌលគិរី ក្រោមការរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី គាំទ្រដោយក្លឹបគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា។

ថ្លែងប្រាប់អ្នកព័ត៌មាននាពេលថ្មី២នេះ លោក ឡយ ភាល័យ ប្រធានក្រុមការងារ Camcar និងជាក្រុមការងារទីលាន១២ម៉ូទ័រផាក បានឱ្យដឹងថា តាមរយៈព្រឹត្តិការណ៍នាពេលខាងមុខនេះ មជ្ឈដ្ឋានអន្តរជាតិ ពិសេសក្នុងតំបន់អាស៊ាននឹងដឹងថាកម្ពុជាមានទីលានប្រណាំងកីឡាយានយន្តស្ដង់ដាអន្តរជាតិ ដែលអាចរៀបចំការប្រកួតដូចនៅបរទេស។ លោកផ្ទាល់ក៏ធ្លាប់តែឃើញទីលានប្រកួតបែបនេះនៅប្រទេសថៃ វៀតណាម ឥណ្ឌូណេស៉ីជាដើម ដូច្នេះហើយទីលាន១២ម៉ូទ័រផាកនេះគឺជាដំបូងគេនៅកម្ពុជា ដែលអាចរៀបចំការប្រកួតធំៗបាន។

ជាអ្នកជំនាញខាងរថយន្តម្នាក់ដែរនោះ លោក ឡយ ភាល័យ បានបង្ហាញការជឿជាក់ថានឹងមានអ្នកចូលរួមប្រកួតច្រើន ហើយអ្នកចូលរួមនិងអ្នកគាំទ្រក៏នឹងកាន់តែច្រើន រួមជាមួយការប្រម៉ូតខេត្តមណ្ឌលគិរីឱ្យកាន់តែមានអ្នកស្គាល់តាមរយៈព្រឹត្តិការណ៍នេះផងដែរ។
លោកថា ព្រឹត្តិការណ៍នេះនឹងជួយទាក់ទាញភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ ខេត្តនានា និងមកក្រៅប្រទេសមកដល់ខេត្តមណ្ឌលគិរី ហើយរុញចរន្តភ្ញៀវទេសចរទាំងនោះទៅកាន់គោលដៅទេសចរណ៍នានាក្នុងខេត្តមួយនេះ ដូចជា ទឹកធ្លាក់ វាលស្មៅ រីស៊ត រមណីយដ្ឋាន ក៏ដូចជាជួយដល់សេវាស្នាក់នៅទេសចរណ៍ និងសេវាកម្មម្ហូបអាហារក្នុងខេត្តផងដែរ ពិសេសជួយជំរុញការផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ខេត្តមណ្ឌលគិរី និងគោលដៅទេសចរណ៍នាភាគឦសាន។

តំណាងក្រុមការងារទីលាន១២ម៉ូតទ័រផាករូបនេះបានប្ដេជ្ញាថា «ទីលាន១២ម៉ូទ័រផាកយើង ខិតខំប្រឹងប្រែងសហការរៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អ ដើម្បីយកឱកាសនៃការរៀបចំនេះប្រូម៉ូតពីសក្ដានុពលកីឡាប្រណាំងយានយន្តនៅកម្ពុជា»។
លោក ភាល័យ បានបន្តទៀតថា ក្រុមការងារកំពុងគិតគូរអំពីការផ្ដល់មេដាយអនុស្សាវរីយ៍ និងពានរង្វាន់ ដើម្បីត្រៀមប្រគល់ជូនកីឡាករក្នុងឆ្នាំទី១នេះ និងសម្រាប់កីឡាករជ័យលាភី ដែលលោកចាត់ទុកជាប្រវត្តិសាស្ត្រសម្រាប់ខេត្តមណ្ឌលគិរី និងសម្រាប់ទីលាន១២ម៉ូទ័រផាកតែម្ដង។

លោកបានបញ្ជាក់ថា អ្វីដែលកាន់តែពិសេសទៀតនោះ កីឡាករដែលទទួលបានជ័យលាភីលេខ១ទាំងអស់នឹងក្លាយជាទូតសុច្ឆន្ទៈរបស់ទីលាន១២ម៉ូទ័រផាក ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំ អមនឹងពានរង្វាន់១ និងប្រាក់លើកទឹកចិត្ត ដើម្បីអបអរពិធីសម្ពោធទីលានស្តង់ដាអន្តរជាតិធំជាងគេនៅកម្ពុជា
សម្រាប់កីឡាករប្រណាំងម៉ូតូ Cross ជ័យលាភីលេខ១ នឹងទទួលបានពាននិងប្រាក់រង្វាន់ពីទីលាន១២ម៉ូទ័រផាក ព្រមទាំងធ្វើកិច្ចកុងត្រា និងមានផ្ដល់ប្រាក់ខែជូនពេញមួយឆ្នាំ គឺ១ខែចំនួន៥០០ដុល្លារ ដោយមិនចាំបាច់បម្រើការនៅទីលាននេះឡើយ។ ក្រៅពីនេះ កីឡាករក៏នឹងអាចបង្កើនការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមប្រកួតជាមួយអន្តរជាតិ ឬនៅក្រៅប្រទេស ព្រមទាំងទទួលបាននូវសម្ភារហ្វឹកហាត់ដោយឥតគិតថ្លៃផងដែរ។

គួរបញ្ជាក់ទៀតថា ១២ម៉ូទ័រផាក គឺជាទីលានស្តង់ដាអន្តរជាតិមួយ ដែលក្នុងពេលធ្វើទីលាននេះមានការចូលរួមពីអ្នកជំនាញជាជនជាតិបារំាង ថៃ និងមានរយៈចម្ងាយ១.៩គីឡូម៉ែត្រ។ ការចូលរួមប្រកួតនៅទីនេះគឺត្រូវតែស្វិតស្វាញ ដោយសារតែគោលការណ៍ទីលាន១២ម៉ូទ័រផាកត្រូវការជ្រើសរើសធនធានកីឡាករល្អៗ ដែលមានសមត្ថភាពខ្ពស់ៗពិតប្រាកដ ដើម្បីសម្រិតសម្រាំងធនធានកីឡាករត្រៀមចេញទៅប្រកួតអន្តរជាតិនៅក្រៅប្រទេស នាពេលខាងមុខ។
យ៉ាងណាមិញ លោក ឡយ ភាល័យ គឺចង់ឃើញកីឡាករកម្ពុជាមានសមត្ថភាពក្នុងការចូលរួមប្រកួតជាមួយកីឡាករអន្តរជាតិ ព្រមទាំងដណ្ដើមបានមេដាយ ពានរង្វាន់ កិត្តិយសជូនជាតិមាតុភូមិ ព្រមទាំងបង្កើនការផ្សព្វផ្សាយទៅកាន់ពិភពលោកពីសមត្ថភាពរបស់កូនខ្មែរក្នុងវិស័យកីឡាប្រណាំងយានយន្តនេះ៕


ចាន់ វិចិត្រ