លោក ពូទីន និងមេដឹកនាំអ៊ីរ៉ង់ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងវិស័យផ្សេងៗទៀត
មូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី នៅក្នុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយមេដឹកនាំទាំងពីរបានជជែកគ្នា អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងវិស័យផ្សេងៗទៀត។

ការសន្ទនាទូរស័ព្ទនេះគឺជាលើកទីពីរហើយរបស់ពួកលោកក្នុងរយៈពេលជាងមួយសប្តាហ៍ ដោយលើកចុងក្រោយនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣។
បើតាមសេចក្តីរាយការណ៍ អ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះដ្រូនដល់រុស្ស៊ី ដែលត្រូវបានប្រើដើម្បីវាយប្រហារអ៊ុយក្រែន។
ក្រុមអ្នកវិភាគបាននិយាយថា ចំពេលមានជម្លោះកាន់តែស៊ីជម្រៅជាមួយប្រទេសលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែននោះ រុស្ស៊ីបាននិងកំពុងបង្កើនទំនាក់ទំនងយោធាជាមួយអ៊ីរ៉ង់។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានទៅទស្សនកិច្ចប្រទេសជិតខាង គឺប្រទេសបេឡារូស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយគាត់បានជួបជាមួយប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូវ និងរដ្ឋមន្ត្រីការបរទេសបេឡារូស លោក សឺហ្គៃ អាឡេនីគ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ឡាវរូវ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលលោកហៅថា ការកើនឡើងភាពតានតឹងនៅក្នុងវិស័យនយោបាយ និងយោធា។

លោកថា ប្រទេសសមាជិកណាតូ រួមទាំងសហរដ្ឋអាមេរិក បាននិងកំពុងពង្រីកសមាជិកភាពសម្ព័ន្ធភាពរបស់ពួកគេ និងដើរលើផ្លូវនៃការបំផ្លិចបំផ្លាញ។ គួរកត់សម្គាល់ យោធារុស្សី និងបេឡារូសបាននិងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ៕


ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា