រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំគណៈប្រតិភូចុះពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង ១១ គីឡូម៉ែត្រ និង៩០ម៉ែត្រនៅខេត្តស្វាយរៀងដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហា ខាងមុខ
(ស្វាយរៀង)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២៣បាន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង ១១ គីឡូម៉ែត្រ និង៩០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហា ខាងមុខ ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ ១៨ ត្រង់ចំណុះភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ថ្លែងថា៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងជាង ១១ គីឡូម៉ែត្រ ពីឃុំព្រះពន្លាទៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងសម្រេចបាន ៧០%ហើយ ។ នៅខេត្តស្វាយរៀង គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ មានចំនួន ៤ខ្សែ ប្រវែងសរុប ៥៧ គីឡូម៉ែត្រ និង២០ម៉ែត្រ ក្នុងនោះមាន៖ ខ្សែទី១ មានប្រវែង ១១ គីឡូម៉ែត្រ និង ៩២ម៉ែត្រ ចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រុំ ។ ខ្សែទី២ មានប្រវែង ៩ គីឡូម៉ែត្រ និង ១៦៦ម៉ែត្រ ចាប់ពីផ្សារចេក ដល់ពងទឹក ស្រុករំដួល ។ ខ្សែទី៣ មានប្រវែង ២៤ គីឡូម៉ែត្រ និង ៩៥៩ម៉ែត្រ ចាប់ពីព្រៃគាល ដល់កំពង់អំពិល ស្រុករំដួល និងខ្សែទី៤ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ខាងមុខនេះ មានប្រវែង ១១ គីឡូម៉ែត្រ និង៩០ម៉ែត្រ ចាប់ពីឃុំព្រះពន្លា ទៅដល់ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ។
សូមបញ្ជាក់ថា៖ ខេត្តគោលដៅទាំង១០ នៃគម្រោង រួមមានខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ នឹងទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងប្រវែងសរុប ៧២៤ គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ ។ គម្រោងនេះចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៥ ដោយប្រើប្រាស់ថវិកាសរុប ១២០ លាន ដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ៕ នុត នាង



