លោក ហ្សេលេនស្គី ពិភាក្សាជាមួយមេដឹកនាំតួកគី អំពីការបន្តពង្រីកកិច្ចព្រមព្រៀងគ្រាប់នាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសមភាគីតួកគី លោក តាយយីប អឺដូហ្កាន់ បានពិភាក្សាអំពីការបន្ត និងការពង្រីកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ លើការនាំចេញគ្រឿងឧបភោគបរិភោគពីប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសេវាសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃ២០ ខែមករា ឆ្នាំ ២០២៣។
ក្នុងកំលុងការសន្ទនាគ្នាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានគូសបញ្ជាក់ពីតម្រូវការ ក្នុងការបន្តកិច្ចព្រមព្រៀងដែលនឹងត្រូវផុតកំណត់នៅក្នុងខែមីនាឆ្នាំនេះ ហើយបានកត់សម្គាល់ថា មានលទ្ធភាពសម្រាប់ការពង្រីកកិច្ចព្រមព្រៀងទៅកាន់កំពង់ផែអ៊ុយក្រែនផ្សេងទៀត។
ជាមួយគ្នានេះ លោក ហ្សេលេនស្គី និងលោក អឺដូហ្កាន់ ក៏បានសម្តែងការគាំទ្ររបស់ពួកគេ ចំពោះគំនិតផ្តួចផ្តើមមនុស្សធម៌ ក្រោមទិសស្លោក “ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន” ដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកាឆ្នាំមុន ដែលមានគោលបំណងបញ្ជូននាវាជាង ៦០គ្រឿង ជាមួយនឹងស្រូវសាលីអ៊ុយក្រែន ទៅកាន់ប្រទេសដែលត្រូវការនាចុងនិទាឃរដូវឆ្នាំ ២០២៣។
សូមរម្លឹកថា កាលពីខែកក្កដាឆ្នាំមុន អ៊ុយក្រែន និងរុស្ស៊ីបានចុះហត្ថលេខាដាច់ដោយឡែកពីគ្នាជាមួយតួកគី និងអង្គការសហប្រជាជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបន្តការដឹកជញ្ជូនស្បៀងអាហារ និងជីពីកំពង់ផែអ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិតាមរយៈសមុទ្រខ្មៅ។ អ៊ុយក្រែនបាននាំចេញស្បៀងអាហារចំនួន ១៧.៨លានតោនស្ថិតក្រោមកិច្ចព្រមព្រៀងខាងលើនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា





