អ៊ីរ៉ង់-រុស្ស៊ី ជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ដើម្បីប្រឆាំងនឹងទណ្ឌកម្មសហរដ្ឋអាមេរិក

តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានសភាអ៊ីរ៉ង់លោក Mohammad Baqer Qalibaf នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ខណៈដែលប្រទេសទាំងពីរប្រឈមមុខដាក់ទណ្ឌកម្ម “ដ៏ព្រៃផ្សៃ” របស់សហរដ្ឋអាមេរិក។

ប្រធានសភាអ៊ីរ៉ង់រូបនេះបានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងតេហេរ៉ង់ ជាមួយប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin។

លោក Qalibaf បានប្រាប់សន្និសីទសារព័ត៌មានដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសភាចម្រុះកំពូលនៃប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីថា ការដាក់ទណ្ឌកម្ម “ដ៏ឃោរឃៅ” របស់សហរដ្ឋអាមេរិក គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងបណ្តាប្រទេសមួយចំនួនទៀត។

ចំណែកលោក Volodin វិញ បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីរ៉ង់បានឈានដល់ “កម្រិតដ៏ល្អ” ហើយបានពង្រីកនៅកម្រិតផ្សេងៗគ្នា។ លោកថា ទណ្ឌកម្មរបស់អាមេរិកដែលដាក់លើរុស្ស៊ី និងអ៊ីរ៉ង់ គឺគ្រាន់តែនាំទៅរកសាមគ្គីភាពកាន់តែខ្លាំងរវាងប្រទេសទាំងពីរប៉ុណ្ណោះ។

នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ, ការវិនិយោគក្នុងវិស័យប្រេង និងឧស្ម័ន ព្រមទាំងការផ្លាស់ប្តូរឧស្ម័ន។ បន្ថែមលើនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម, ពាណិជ្ជកម្មគ្រាប់ធញ្ញជាតិ, ការអនុវត្តបច្ចេកវិទ្យាទំនើប និងការដឹកជញ្ជូន ក៏ដូចជាក្នុងវិស័យធនាគារ និងរូបិយវត្ថុផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner