អង្គភាពប្រឆាំងអំពើពុករលួយបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលកើនដល់ ចំនួន ២១៩២២រូប ស្មើនឹង ៩៥.៨៧ភាគរយ
ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ដែល គិតរហូតមកដល់ថ្ងៃនេះមានមន្រ្តីដែលបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលកើនដល់ ចំនួនសរុប ២១៩២២រូប ស្មើនឹង ៩៥.៨៧ភាគរយហើយ។

បើតាមនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នៃថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៥២ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ២១៩២២រូប ស្មើនឹង ៩៥.៨៧ភាគរយនៃចំនួនត្រូវប្រកាសសរុប ២២៨៦៤រូប។

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញការកោតសរសើរ ចំពោះបុគ្គលជាប់កាតព្វកិច្ចប្រកាស ទោះជាប់បំពេញបេសកកម្មការងារ ឬការសិក្សានៅក្រៅប្រទេស ក៏បានផ្តល់កិច្ចសហការល្អ និងផ្ញើឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលពីក្រៅប្រទេសមកជូនក្រុមការងារ អ.ប.ព. ស្របតាមច្បាប់កំណត់ផងដែរ។

ជាមួយគ្នាប្រភពខាងលើដដែលនេះបានបញ្ជាក់ឱ្យដឹងដែរថានៅព្រឹកថ្ងៃទី២៤ខែមករា នេះ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ក្រសួងមុខងារសាធារណៈ ក៏បានមកប្រកាសបញ្ចប់ ១០០ភាគរយ៕


ដោយ៖ ម៉ាដេប៉ូ