រាជរដ្ឋាភិបាល ចំណាយទឹកប្រាក់ជាង ៩៣០លានដុល្លារ ជួយជនងាយ រងគ្រោះអំឡុងពេលកូវីដ១៩
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៩៣០ លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលក្នុងនោះប្រជាពលរដ្ឋប្រមាណ ២,៨លាននាក់ បានទទួលពីការ ឧបត្ថម្ភនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជា បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយនឹងកូវីដ ១៩ មានចំនួន១១ជុំ និង ៣១លើកដោយក្នុងនោះរដ្ឋបានចំណាយ ទឹក ប្រាក់ចំនួន៩៣១,៧១ លានដុល្លារ ។
ក្រសួងបន្តថា ក្នុងនោះចំនួនសមាជិកគ្រួសារសរុបដែលទទួលបាន ពីការ ឧបត្ថម្ភនេះមានចំនួន ២ ៧៨៨ ០៦៥ នាក់ នៃចំនួន ៧០៦ ៦៤៨ គ្រួសារ។ ពលរដ្ឋដែលទទួលផល ក្នុងនោះកុមារចាប់ពីអាយុ ០-៥ ឆ្នាំ មានចំនួន ១៦៥ ៦៤៣ នាក់ មនុស្សវ័យចាស់អាយុពី ៦០ឆ្នាំឡើងទៅចំនួន ៣៦៦ ១៥៨នាក់ ជនមានពិការភាពចំនួន ៦៤ ៥៧៦ នាក់ ព្រមទាំងផ្តល់ ជូន ដល់គ្រួសារ ដែលមានជំងឺអេដស៍មានប្រមាណ ២០ ៣៦ នាក់ ផងដែរ។
សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី១២ លើកទី១ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃ ២៤ខែកុម្ភៈឆ្នាំ ២០២៣ ដែលមាន រយៈពេល ៣០ថ្ងៃសម្រាប់ទៅដកប្រាក់។
ព្រមជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ច ស្នើសុំឱ្យអ្នកទទួលផល ទាំងអស់ ប្រើប្រាស់ថវិកា ដែលទទួលបានពីកម្មវិធីឱ្យបានត្រឹមត្រូវដោយ ជៀស វាងការប្រើប្រាស់ក្នុងគោលបំណងបម្រើឱ្យអបាយមុខផ្សេងៗ ដែល នាំឱ្យប៉ះពាល់ដល់ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការអន្តរាគមន៍ជំនួយសង្គមជាសាច់ប្រាក់នេះ។
ក្រសួងសង្កត់ធ្ងន់ថា៖«ក្នុងករណីពិនិត្យរកឃើញមានអ្នកទទួលផលដែលប្រើប្រាស់ខុសគោលដៅ បែបនេះ ស្នើឱ្យអាជ្ញាធរមូលដ្ឋានធ្វើការអប់រំដល់អ្នក ទទួលផលទាំងនោះជាលាយលក្ខណ៍អក្សរ។ បើក្នុងករណីអ្នកទទួល ផលទាំងនៅមិនរាងចាលនោះទេ មេឃុំ-ចៅសង្កាត់ ត្រូវធ្វើការប្រជុំ ពិភាក្សាជាមួយក្រុមប្រឹក្សាក្នុងការធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រនោះឡើងវិញ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព យល់ឃើញថា ការបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ជនងាយ រងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មកដល់ពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក្នុងការជួយឱ្យពលរដ្ឋ មានលទ្ធភាពស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញបន្តិចម្តងៗ។ លោក គិមអេង ថ្លែងថា៖ «ខ្ញុំមានការត្រេកអរ ដែលរដ្ឋាភិបាលនៅបន្តជួយគាត់ ទោះបី កូវីដរាងស្បើយបន្តិចក៏ដោយ ប៉ុន្តែជីវភាពពលរដ្ឋនៅតែមានការលំបាក នៅឡើយ។ អ្នកខ្លះមិនទាន់អាចចាប់ផ្តើមមុខរបរបានច្បាស់លាស់ អ្នកខ្លះចាប់ផ្តើមហើយដួលទៅវិញ ជាពិសេសអ្នករកស៊ីតូចតាច។អ៊ីចឹងបើរដ្ឋមិនផ្តល់ការឧបត្ថម្ភទេ បញ្ហានេះនឹងប៉ះពាល់ដល់ ជីវភាពរស់នៅពលរដ្ឋខ្លាំងណាស់»។
អគ្គនាយកមូលនិធិជាតិជំនួយសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឯកឧត្តម ឈួរ សុបញ្ញា ធ្លាប់បានពន្យល់ថា ការ ឧបត្ថម្ភសាច់ប្រាក់ដល់ជនក្រីក្របានចែកចេញជាបីប្រភេទ គឺជនក្រីក្រ នៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ ជនក្រីក្រនៅទីប្រជុំជន ក្រៅរាជធានីភ្នំពេញ និងជនក្រីក្រនៅជនបទ ហើយគ្រួសារនីមួយៗនឹងទទួលបានសាច់ ប្រាក់ ទៅតាមទំហំគ្រួសារ។
លោកថា៖« ជាមធ្យមនៅជនបទទទួលបាន ២០ ម៉ឺនរៀលក្នុងមួយខែ សម្រាប់មួយគ្រួសារ។ ចំណែកអ្នកនៅទីក្រុងជាមធ្យម ៨០ ទៅ ១០០ ដុល្លារ។ ការដែលផ្តល់នេះ មិនមែនសុខៗយើងឱ្យសាច់ប្រាក់ខុសគ្នាទេ ផ្តល់នេះផ្អែកលើមូលដ្ឋាននៃការសិក្សាលើប្រាក់ចំណូល។ ការសិក្សានេះ មានការចូលរួមពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ អាស៊ី»៕
ដោយ៖ឡាយ សាមាន