ម៉ាឡេស៊ីថា ការផ្គត់ផ្គង់សាច់មាន់ក្នុងស្រុក មិនប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺផ្តាសាយបក្សីពីក្រៅប្រទេសឡើយ
គូឡាឡាំពួរ៖ ចំពេលមានរបាយការណ៍ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅក្រៅប្រទេសនោះ រដ្ឋមន្ត្រីកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក Mohamad Sabu បាននិយាយនៅក្នុងថ្ងៃពុធសប្តាហ៍នេះថា ការផ្គត់ផ្គង់សាច់មាន់សម្រាប់ទីផ្សារក្នុងស្រុករបស់ខ្លួនមានស្ថិរភាព។
លោក Mohamad Sabu ត្រូវបានដកស្រង់សម្តីដោយកាសែត New Straits Times (NST) ថា ក្រសួងកសិកម្មបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ជុំវិញការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅអឌ្ឍគោលខាងជើង។

លោករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងដូច្នេះថា សម្រាប់ពេលនេះ ប្រទេសម៉ាឡេស៊ីមិនរងផលប៉ះពាល់ពីការផ្ទុះជំងឺផ្តាសាយបក្សីនោះទេ ហើយការផ្គត់ផ្គង់សាច់មាន់ក៏កំពុងងើបឡើងវិញផងដែរ។ លោកថា ក្រសួងកសិកម្មនឹងបន្តតាមដានស្ថានការណ៍បន្ថែមទៀត ប៉ុន្តែសម្រាប់ពេលនេះការផ្គត់ផ្គង់សាច់មាន់មានស្ថេរភាព ហើយយើងសង្ឃឹមថា វានឹងបន្តមានស្ថិរភាព។

ការអត្ថាធិប្បាយរបស់លោក Mohamad ខាងលើនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ Utusan Malaysia ដែលបានអះអាងថា ប្រទេសនេះត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងបញ្ហាសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ខណៈដែលការផ្គត់ផ្គង់សាច់មាន់ក្នុងស្រុកត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ៤០ភាគរយនៅក្នុងខែមិថុនា ឆ្នាំ២០២៣។
ប្រការនេះស្មើនឹងការខ្វះខាតសត្វមាន់ប្រហែល ៩០០,០០០ក្បាលក្នុងមួយថ្ងៃនៅក្នុងទីផ្សារក្នុងស្រុក។ ការខ្វះខាតដ៏មានធ្ងន់ធ្ងរនេះ គឺដោយសារការផ្ទុះជំងឺផ្តាសាយបក្សីនៅអឌ្ឍគោលខាងជើង៕


ប្រភព៖ CNA ប្រែសម្រួលដោយ៖ បុត្រា