មន្រ្តីអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ជាង ៣០០នាក់បានទទួលការបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ សម្រាប់បម្រើការងារជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ ជូនដល់មន្រ្តីអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ជាង ៣០០នាក់។
ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបានធ្វើឱ្យអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ បានរីកចម្រើនចំណេះដឹង ព្រមទាំងយល់ដឹងបន្ថែម អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងបានធ្វើការកែលម្អលើចំណុចខុសឆ្គងមួយចំនួន ដែលធ្លាប់អនុវត្តកន្លងមក ដើម្បីយកទៅអនុវត្ត ក្នុងការផ្តល់សេវាអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹម ត្រូវស្របតាមនីតិវិធី។
ឯកឧត្តម បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ លើការងារកត់ត្រា អត្រានុកូលដ្ឋាន ត្រូវត្រួតពិនិត្យនូវចំណុចខុសឆ្គង និងធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវស្របតាមនីតិវិធី មុននឹងចុះហត្ថលេខានៅលើសំបុត្រច្បាប់ដើម និងនៅលើគល់បញ្ជី នៃសៀវភៅគ្រប់ប្រភេទដែលបានអនុវត្តប្រចាំថ្ងៃ ជាពិសេសត្រូវរៀបចំទុកដាក់ និងថែរក្សាសៀវភៅអត្រានុកូលដ្ឋានដែលបានកត់ត្រារួច ឱ្យបានត្រឹមត្រូវ និងត្រួតពិនិត្យមើលសន្លឹកបញ្ជីនៃសៀវភៅឱ្យបានគត់មុតល្អ ជៀសវាងរបូត រហែក ឬបាត់បង់បញ្ជីណាមួយជាដាច់ខាត។
ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ស្វែងយល់រៀនសូត្រ និងត្រង់ត្រាប់ស្តាប់នូវរាល់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសតាំងពីពេលចាប់ផ្ដើម រហូតដល់ពេបញ្ចប់វគ្គ ស្តីពីការងារអត្រានុកូលដ្ឋាន ព្រមទាំងបានចូលរួមពិគ្រោះ ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ចែករំលែកឱ្យគ្នា ទៅវិញ ទៅមក។
ឯកឧត្តម បានឱ្យដឹងថា ក្នុងវគ្គបណ្តុះបណ្តាល នេះ សិក្ខាកាមទាំងអស់ បានសិក្សាទៅលើមេរៀនសំខាន់ៗចំនួន ៦ រួមមាន៖ ទី១-សិក្សាទៅលើទិដ្ឋភាពទូទៅ នៃអត្រានុកូលដ្ឋាន ,ទី២-អត្រានុកូលដ្ឋានកំណើត ,ទី៣-អត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ ,ទី៤-អត្រានុកូលដ្ឋានមរណភាព ,ទី៥-អនុក្រឹត្យលេខ០៣៤ និងសេចក្តីណែនាំលេខ០៤៥ និងទី៦-ការបំពេញរបាយការណ៍ បញ្ហាប្រឈម និងដំណោះស្រាយ ៕
ដោយ-រ៉ាវុធ